(កណ្តាល)៖ សមត្ថកិច្ចចម្រុះរបស់ស្រុកល្វាឯម ​បានដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ដោយចាប់បាននូវវត្ថុតាងល្មើសច្បាប់ជាច្រើន ហើយ​កម្លាំងជំនាញ ក៏សម្រេចចិត្ត ដុតកម្ទេចចោល ឧបករណ៍ទាំងនោះ នៅនឹងកន្លែងល្មើសតែម្ដង។

កិច្ចសហការបង្ក្រាបនេះ បានធ្វើឡើង​ត្រង់់ចំណុច ឃុំចំនួន៤ នៅក្នុងបឹងវាលសំណាប គឺឃុំសារិការកែវ,ឃុំពាមឧកញ៉ាអុង,ឃុំបារុង និងឃុំព្រែកេ្មង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នា​ម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ​និងដឹកនាំចម្រុះដោយលោក កែវ វិបុល អភិបាលរងស្រុកល្វាឯម។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល បានប្រាប់ Fresh News ឲ្យដឹងថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាប ករណីបទល្មើសនេសាទ​ខុសច្បាប់​ខាងលើនេះ ​សមត្ថកិច្ចចម្រុះដកហូតបាន វត្ថុតាងមួយចំនួន រួមមាន​លបស្បៃមុង ចំនួន៨២លប, ​បង្គ្រោលចំនួន៣០៦ដើម, ព្រួលស្បៃមុងប្រវែង២៣០០ម៉ែត្រ និងចាក់​ព្រលែងកូនត្រី ចូលបឹងធម្មជាតិវិញ រាប់ម៉ឺនក្បាល។ ដោយឡែកឧបករណ៍ នេសាទខុសច្បាប់ទាំងអស់ ត្រូវបានដុតបំផ្លាញចោល នៅនឹងកន្លែងកើតហេតុ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ បានបន្ត​ថា លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឧបករណ៍​នេសាទខុសច្បាប់ ហើយបើប្រជានេសាទ ចង់ប្រកបមុខរបរនេសាទ លោកនឹងផ្តល់ជាពូជកូនត្រី សម្រាប់ចិញ្ចឹម ដោយមិនគិតថ្លៃ ព្រមទាំងថែមការបង្រៀន នូវបច្ចេកទេសក្នុងការចិញ្ចឹម មើលថែទាំត្រី ដល់បងប្អូនប្រជានេសាទថែមទៀតផង។

លោកបន្តថា ការប្រកាសផ្ដល់ពូជកូនត្រី ដល់បងប្អូនប្រជានេសាទ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការបង្កើតការងារក្នុងគ្រួសារ ដោះស្រាយបញ្ហាប្រឈមនានា មានមុខរបរពិតប្រាកដ ជៀសផុតពីការនេសាទត្រីខុសច្បាប់ នឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង៕