(ត្បូងឃ្មុំ)៖ តបតាមសេចក្ដីប្រកាស និងការអំពាវនាវរបស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការជម្ងឺឆ្លងបណ្ដាលមកពី វីរុស Zika សំរាប់ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទូទៅ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ប្រយោជន៏ កុំអោយជម្ងឺប្រភេទនេះឆ្លងរីករាលដាល មកដល់ ប្រទេសកម្ពុជាយើង ដោយរួមមានការចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អោយបានយល់ជ្រួតជ្រាបពីប្រភេទជម្ងឺនេះ និងវិធី ការពារ រួមទាំងធ្វើការបាញ់ថ្នាំសំលាប់សត្វមូស ដែលជាប្រភពចម្លងមេរោគផងដែរ។

លោកកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះបានដឹកនាំ មន្ត្រីរួមជាមួយក្រុមឆ្លើយតបបន្ទាន់ (RRT) និងក្រុមចត្តាឡីស័ករបស់មន្ទីរ ចុះអប់រំផ្សព្វផ្សាយស្ដីពីជម្ងឺប្រភេទ Zika នៅតាមផ្លូវជាតិ ជុំវិញបរិវេណផ្សារធំៗ និង នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុងជាដើម។ក្រៅពីនេះក៏បានធ្វើការបាញ់ថ្នាំសំលាប់ សត្វមូសដែលជាប្រភព ចម្លងមេរោគ និងត្រៀមជួយអន្តរាគមន៏ ទប់ស្កាត់ការរីករាលដាលការឆ្លងជម្ងឺ Zika ដែលអាចកើតមានឡើងជាយថាហេតុ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ជម្ងឺ Zika ដែលមានប្រភពមកពីតំបន់អាមេរិកខាងត្បូងនោះ បានរាលដាលមកដល់ប្រទេសសឹង្ហបុរី និងប្រទេសថៃផងដែរ។ប៉ុន្តែប្រទេសកម្ពុជាគេ នៅមិនទាន់រកឃើញ មុខសញ្ញាជម្ងឺនេះកើតមាននៅឡើយទេ៕