(មណ្ឌលគិរី)៖ សេចក្ដីរាយការណ៏ពីខេត្តមណ្ឌលគិរី បានអះអាងថា ក្រោយបែកធ្លាយរឿងគំនរឈើហ៊ុប និងឈើឡាំង ជិត ៣០០០ម៉ែត្រគូប គេលាក់ទុកនៅក្បែរព្រំដែន ប្រទេសវៀតណាម ស្ថិតក្នុងស្រុកកោះញែក ហើយនៅពេលថ្មីៗនេះគេ ប្រុងឃុបឃិតគ្នា ដើម្បីនាំចេញយកទៅលក់ នៅប្រទេសវៀតណាមរួចមក នៅព្រឹកមិញនេះ គេឃើញមន្ត្រីសមត្ថកិច្ចជំនាញ នៅក្នុងខេត្តមួយចំនួន បាននាំគ្នាចេញដំណើរទៅរកមើលទីតាំង លាក់ឈើនោះហើយ។

សេចក្ដីរាយការណ៏បានអោយដឹងថា គំនរឈើភាគច្រើនជាប្រភេទឈើលេខ១ ដែលរួមមានឈើ សុក្រម,កកោះ,គគី ដែលរួមមាន ជាឈើហ៊ុប និងឈើគេឡាំងជាបួនជ្រុង ហើយត្រូវបានគេដាក់គរាយប៉ាយ នៅតាមព្រៃក្បែរព្រំដែនដែលគេហៅថា តំបន់ស។

ក្នុងនោះតាមអ្នកដឹងរឿងដែល នៅក្បែរកន្លែងកើតហេតុ​ ហើយបានថតរូបកំណាត់ឈើ ទាំងអស់នោះបានខ្លះផ្ញើមកអោយ Fresh News នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានអះអាងថាកំណាត់ឈើ ខាងលើត្រូវបានគេកាប់ និងដឹកយកទៅគចោល តាមព្រៃក្បែរព្រំដែននោះ យូរខែមកហើយ ព្រោះតំបន់នោះក្រៅពីសមត្ថកិច្ចការពា នៅតំបន់នោះ និងប្រជាពលរដ្ឋលុកព្រៃ គឺកម្រមានអ្នកទៅដល់ណាស់។ ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែមានលេចឮព័ត៌មានថាមានគេឃុបឃិតគ្ នាដើម្បីលក់ឈើទាំងអស់នោះ ទៅប្រទេសវៀតណាម ហើយកូនចៅ ដែលមិនទទួលបានចំណែក ក៏លួចរាយការណ៏ មកថ្នាក់លើបែកការណ៏តែម្ដងទៅ។

ឈើខាងលើត្រូវបានគេអះអាងថា ភាគច្រើនកាប់ចេញពីតំបន់ ដែនជម្រកសត្វព្រៃស្រែពក និងកាប់ចេញពីតំបន់មួយចំនួនទៀតដោយ ការឃុបឃិតគ្នារវាងឈ្មួញ និងសមត្ថកិច្ច ហើយដឹកយកទៅលាក់ទុក នៅតំបន់ក្បែរព្រំដែន ដែលគេនិយមហៅតំបន់ស ស្ថិតក្បែរច្រក របៀងការពារព្រំដែនប៉ុស្តិ៍អូររ៉ូ ឃុំ ណងឃីលឹក ស្រុកកោះញែក។

លោក មើល សឿន អភិបាលស្រុកកោះញែក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអះអាងថា ករណីថាមានកំណាត់ឈើហ៊ុបខាងលើ លោកមិនបានដឹងទេ ព្រោះទីតាំងនោះ នៅឆ្ងាយពីទីរួមស្រុកណាស់ ហើយផ្លូវពិបាកធ្វើដំណើរណាស់ លោកចៅហ្វាយស្រុក បានឲ្យសួរទៅខាងសមត្ថកិច្ច ទៅដឹងរឿងច្រើនជាង។

ចំណែក លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា នេះដែរ លោកនៅតែទទូចសុំឲ្យខាងមន្រ្តីជំនាញ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តនេះចុះស្រាវជ្រាវពិនិត្យ ទប់ស្កាត់និងបង្រ្កាបឲ្យទាន់ពេលវេលា មិនមែនទុកឲ្យយឺតយ៉ាវ ដើម្បីឲ្យជនល្មើសធ្វើការ បំផ្លាញភស្តុតាងនោះឡើយ ហើយបើសិនជាការបំផ្លាញវត្ថុតាង ទាំងនោះចោល អស់មែនគ្រាដែលច្បាប់ស្រាវជ្រាវឃើញ វារឹតតែខុសច្បាប់ខ្លាំងថែមទៀត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកបានថ្លែងប្រាប់ថា លោកកំពុងដាក់បទបញ្ជាឲ្យ ជំនាញនិងសមត្ថកិច្ច ចុះទៅទីតាំងដែលមាន បទល្មើសនោះហើយ តែលទ្ធផលយ៉ាងណា លោកអភិបាលខេត្តនឹងធ្វើការផ្តល់ព័ត៌មាន លំអិតនៅពេលក្រោយទៀត៕