(កណ្តាល)៖ បុរសវ័យ៣៨ឆ្នាំម្នាក់ ដោយសារតែស្រាចូលពោះ ស្រវឹងជោគជាំភ្លេចគិតបុណ្យបាប បានលបលួចចូលទៅចាប់រំលោភ លោកយាយវ័យ ៨៦ឆ្នាំម្នាក់ តែមិនបានសំរេចត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ទៅតាមផ្លូវច្បាប់កាលពីម៉ោង ១១យប់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលោកយាយរងគ្រោះ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុង ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំមានមុខរបរមិន ពិតប្រាកដមានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកលោកយាយ រងគ្រោះវិញ ឈ្មោះ ឌ.ស អាយុ ៨៦ឆ្ នាំរស់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ប្រជាពលរដ្ឋក្នុងភូមិល្វាទោង បានឃើញជនសង្ស័យដើរ មកពីលិចផ្លូវចូលទៅភូមិល្វាទោង ដោយសភាពស្រវឹងស្រាជោគ។ ពេលដើរមកឃើញក្មេងស្រីនៅ តាមផ្លូវក៏ដេញតែត្រូវអ្នកភូមិដេញវាយ ក៏រត់បាត់ទៅ ។

លុះរហូតដល់ម៉ោងកើតហេតុ ជនសង្ស័យបាន ចូលទៅក្នុងផ្ទះលោកយាយរងគ្រោះ រួចចាប់ស្រាតសារ៉ុងពេលនោះ លោកយាយរងគ្រោះរើបំរ៉ាស់រួច ស្រែកអោយអ្នកជិតខាងជួយ តែត្រូវជនសង្ស័យ វាយបណ្តាលឲ្យរងរបួស ក្រោយមកទើប មានអ្នកជិតខាងលឺសំលេងស្រែក អោយជួយក៏នាំគ្នាទៅមើលស្រាប់តែ ឃើញជនសង្ស័យកំពុងវាយលោក យាយរងគ្រោះ ឃើញដូច្នោះប្រជាពលរដ្ឋនាំគ្នា ចាប់ជនសង្ស័យចងទុករួច ប្រគល់ឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី៕