(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ បានចុះអនុស្សារណៈយោគយល់មួយ លើការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ដំណាក់កាលទី៥ ពាក់ព័ន្ធជាមួយនឹង ក្រមរដ្ឋប្បវេណី។ ការចុះអនុសារណៈយោគយល់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងលោក OKUBO Akimitsu ប្រធាននាយកដ្ឋានជំនួយផ្នែកច្បាប់ នៃអង្គការ JICA ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

មន្ដ្រីក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ក្នុងដំណាក់កាលទី៥នេះ គឺផ្ដោតសំខាន់ទៅលើការរៀបចំ បទបញ្ញត្តិបន្ថែមទៀត ដើម្បីបំពេញការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រោះនៅពេលរៀបចំបញ្ញតិទាំង ២នេះហើយ ទាមទារបទបញ្ញតិមួយចំនួនទៀត ដើម្បីបំពេញបន្ថែម សម្រាប់អនុវត្តក្រមទាំង២នេះឲ្យមានប្រសិទ្ធិភាព។

មន្ដ្រីដដែលបន្ដថា ការរៀបចំច្បាប់ ត្រូវប្រើប្រាស់នៅពេលវេលាវែង ដោយមិនអាចធ្វើតែមួយថ្ងៃ ឬមួយឆ្នាំ ឬ២ឆ្នាំបាននោះទេ ទាមទារឲ្យធ្វើជាដំណាក់កាលៗ ហើយក្នុងនោះក៏បានសម្រេច នូវសមិទ្ធផលច្បាប់មូលដ្ឋាន រួចមកហើយ ឥឡូវនេះកំពុងដំណើរការក្នុងការរៀបចំ ច្បាប់បន្ទាប់បន្សំមួយចំនួនទៀត ហើយទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌នឹងរៀបចំគំរូ សេចក្ដីសម្រេចនានារបស់តុលាការ ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យតុលាការក្នុងការអនុវត្ត។

មន្រ្តីយុត្តិធម៌ បាននិយាយថា ក្រសួងយុត្តិធម៌ នឹងផ្សព្វផ្សាយសាលក្រម សាលដីកា ដែលជាសាលក្រម សាលដីកាគំរូ ដើម្បីងាយស្រួលតាមដាន ពីការអនុវត្តច្បាប់នៅកម្ពុជា ហើយតាមរយៈការផ្សព្វផ្សាយនេះ យើងនឹងអាចដឹងថា សេចក្ដីសម្រេចរបស់តុលាការមាន តម្លាភាពទំហំប៉ុណ្ណា៕