(ភ្នំពេញ)៖ សាកលវិទ្យាល័យបច្ចេកវិទ្យា RAJAMANGLA ដែលជាសាកលវិទ្យាល័យដ៏ធំមួយ ក្នុងខេត្តថាន់យ៉ាបូរី ប្រទេសថៃ គ្រោងនឹងពង្រីកទំនាក់ទំនង ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្ដុះបណ្ដាល ធនធានមនុស្ស ហើយនឹងផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែល ចង់សិក្សាមុខជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ដំណឹងដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងជំនួប ពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកសាស្ត្រាចារ្យ Prasert Pinpathomrat សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បច្ចេកវិទ្យា RAJAMANGLA នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងទីស្តីការក្រសួងទេសចរណ៍។  

ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ Prasert Pinpathomrat បានលើកឡើងពីគោលបំណង ចង់ភ្ជាប់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើមុខជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយបានសន្យាថា នឹងផ្តល់អាហារូបករណ៍ ដល់មន្រ្តីនៃក្រសួងទេសចរណ៍ ក៏ដូចជានិស្សិតកម្ពុជា ដែលចង់បន្តការសិក្សាលើមុខជំនាញទាំងនេះផងដែរ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោករដ្ឋមន្រ្តី ថោង ខុន បានទទួលស្វាគមន៍ និងឯកភាពចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលោកបានលើកឡើងពីតម្រូវការធនធានមនុស្ស លើវិស័យទេសចរណ៍ នៅកម្ពុជា ព្រោះពីមួយថ្ងៃទីមួយថ្ងៃ កម្ពុជាមានការរីកចម្រើនជាលំដាប់ ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង។

លោករដ្ឋមន្រ្តីបានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤លាន៨សែននាក់ ហើយនៅឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់។ ដោយឡែក នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៧លាននាក់ ហើយបូកជាមួយភ្ញៀវទេសចរជាតិ ជាង១០លាននាក់ទៀត សរុបប្រមាណ ជិត២០លាននាក់។

ដោយសារកត្តាទាំងនេះហើយ ទើបកម្ពុជាត្រូវការធនធានមនុស្ស បម្រើការក្នុងវិស័យទេសចរណ៍ នៅឆ្នាំ២០២០ ប្រហែលជាង១លាននាក់ ដើម្បីធានាឱ្យបាននូវការបម្រើសេវាកម្មជូនភ្ញៀវ ជិត២០លាននាក់នោះ ហើយនេះជាតម្រូវការដ៏ធំធេង និងចាំបាច់បំផុតសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា និងភាគីសាកលវិទ្យាល័យ RAJAMANGLA គ្រោងនឹងរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឈានទៅដល់ កិច្ចសហប្រតិបត្តិការទាំងឡើយខាងលើ និងពិនិត្យមើលលទ្ធភាពផ្សេងៗបន្តទៀត។

សូមជម្រាបថា សាកលវិទ្យល័យបច្ចេកទេស RAJAMANGLA មានអាយុកាលជាង ៤០ឆ្នាំមកហើយ មានសិស្ស-និស្សិតចូលសិក្សាក្នុងមួយឆ្នាំៗ ចំនួន២៥,០០០នាក់ មានបុគ្គលិកអប់រំ ជាង២,០០០នាក់ បណ្ដុះបណ្ដាល លើមុខជំនាញជាច្រើន តែមុខជំនាញដែលសំខាន់ជាងគេ គឺជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះតែម្ដង៕