(ភ្នំពេញ)៖ អគ្គស្នងការរងនៃអគ្គស្នងការដ្នាន នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហឹុម យ៉ាន បានជម្រុញឲ្យនគរបាល ការពារបេតិកភណ្ឌជាតិ ធ្វើយ៉ាងណាពង្រឹងនិងដាក់ចេញ នូវវិធានការទាំងថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តលើ ការងារការពារបេតិក ភណ្ឌជាតិឲ្យបានកាន់តែខ្លាំងក្លាជាងមុន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹង កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ សម្បត្តិវប្បធម៌ទូទៅ និងអំពីវិធានការប្រឆាំងបទល្មើស បេតិកភណ្ឌវប្បធម៌ជាតិ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នាទីស្តីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ហឹុម យ៉ាន បានបញ្ជាក់ថា នគរបាលការពារបេ តិភណ្ឌជាតិត្រូវសហការ ជាមួយក្រសួងវប្បធម៌ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបង្កើនការចុះអប់រំផ្សព្វផ្សាយ អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ទន្ទឹមនឹងវិធានការចុះអប់រំ ផ្សព្វផ្សាយអំពី តម្លៃសម្បត្តិបេតិកភណ្ឌនៅ មូលដ្ឋាននៃតំបន់មានសម្បត្តិបេតិកភណ្ឌជាតិនេះ នគរបាលការពារបេតិកភណ្ឌជាតិ ត្រូវណែនាំអំពីវិធាន ការបង្ការ និងទប់ស្កាត់ចំពោះជនខិលខូច ដែលមានបំណងចង់ លួចឬបំផ្លាញសម្បត្តិបេតិកភណ្ឌ​ ហើយនិង វិធានការថែរក្សាសម្បត្តិ បេតិកភណ្ឌជាតិឲ្យបានគង់វង្ស។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ដើម្បីឲ្យវិធានការខាងលើនេះ មានប្រសិទ្ធិភាពនោះ នគរបាលការពារ បេតិកភណ្ឌជាតិ ត្រូវមានការប្រជុំដាក់ចេញនូវផែនការ ហើយនិងធ្វើការត្រួតពិនិត្យ និងប្រមូលរបាយការណ៍ មកវិញដោយធ្វើការដកពិសោធន៍ វាយតម្លៃពីចំណុចខ្សោយ និងចំណុចខ្លាំង ដើម្បីដាក់ចេញនូវទិសដៅ បន្តអនុវត្តឲ្យការងារការ ពារបេតិកភណ្ឌជាតិនេះ មានប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ប្រធាននាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានមានប្រសា​សន៍ថា កន្លងមកនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌបានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេ​ស​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការចូលរួមធ្វើបទបង្ហាញ និងចូលរួមក្នុងការបកស្រាយអំពី តួនាទីភារកិច្ចនៃនគរបាល ការពារបេតិកភណ្ឌ និងអំពាវនាវឲ្យភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋឲ្យចូលរួម រក្សាបាននូវ កេរ្តិ៍មរតកសម្បត្តិបេតិកភណ្ឌជាតិ។

ទោះបីយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការយល់ដឹងអំពីតម្លៃសម្បត្តិបេតិកភណ្ឌ ជាតិពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ សម្បត្តិបេតិកភណ្ឌជាតិ នៅមានកម្រិត ដែលជាហេតុធ្វើឲ្យពួកគេខ្លះ នៅតែបន្តនូវការជីកកកាយស្វែងរក នូវសម្បត្តិបេតិកភណ្ឌ ដោយខុសច្បាប់៕