(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន១៣នាក់ ទៅតុលាការនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយចុះប្រតិបត្តិការរយៈពេល២ថ្ងៃជាបន្ដបន្ទាប់ នៅចំណុចជិតរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយក្រោមការណែនាំផ្ទាល់ពីលោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពី​លោក មាស​ ច័ន្ទពិសិដ្ឋ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​។

លោកឧត្តសេមនីយ៍ត្រី មេបញ្ជា​ការ បានឲ្យដឹងថា កម្លាំងអាវុធហត្ថ ចុះប្រតិបត្តិការ​​ទី១ នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ​ វ៉េត កក្កដា អាយុ១៤ឆ្នាំ បន្ទាប់មកទៀតនៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកញ្ញា នៅចំណុចសណ្ឋាគារសន្តិភាព ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត​ ទី១-ឈ្មោះ ធុល រដ្ឋា អាយុ២៨ឆ្នាំ​ ទី២-មានឈ្មោះ លេខ ស្រីម៉េង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី​។

លោកបន្ដថា ប្រតិបត្តិការ​ទី២ តាមការឆ្លើយសារភាព​ពីឈ្មោះ វ៉េត កក្កដា រួចមកកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកមង្គលបូរី ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ​៣នាក់ នៅ​ម៉ោង២រសៀលថ្ងៃទី១៥ ខែកញ្ញា នៅចំណុចភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដោយទី១-ឈ្មោះ ណយ យូណាន់​ អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ណយ រីណូ អាយុ២១ឆ្នាំ ទី៣-ឈ្មោះ រុណ ចំណាប់​ អាយុ២២ឆ្នាំ​។ ប្រតិបត្តិការ​ទី៣​​ ​ជនសង្ស័យ​ឈ្មោះ វ៉េត កក្កដា បានបន្ដសារភាព ហើយកម្លាំងអាវុធហត្ថឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៤នាក់​ នៅ​ម៉ោង៥ល្ងាចថ្ងៃទី១៥ ខែកញ្ញា​ នៅចំណុចភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទី១-ឈ្មោះ​ រួម ចាន់ជីវ័ន្ត អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ឆ្លែម សុវឌ្ឍនា អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ ឈឿន សាវុធ ​អាយុ២០ឆ្នាំ ទី៤-ឈ្មោះ ហុក ផ្លយ អាយុ២១ឆ្នាំ។

លោកមេបញ្ជាការ បន្ថែមថា ប្រតិបត្តិការ​ទី៤ ​​ធ្វើឡើងតាមការឆ្លើយ​សារភាព​របស់ឈ្មោះ រួម ចាន់ជីវ័ន្ត កម្លាំងអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យ​៣នាក់ នៅ​ម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា នៅចំណុចភូមិប្រឡាយលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដោយជនសង្ស័យ ទី១-ឈ្មោះ ឡាច ឡូញ អាយុ៤១ឆ្នាំ ទី២-ឈ្មោះ ឈុន ចន្ថា អាយុ២៩ឆ្នាំ ទី៣-ឈ្មោះ ចាន់ សំណាង អាយុ២៣ឆ្នាំ។

ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានធ្វើការដកហូត វត្ថុតាងសរុបរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន៥កញ្ចប់ ទូរស័ព្ទដៃ១៦គ្រឿង ម៉ូតូ​៥គ្រឿង​​ និងសម្ភារៈជក់មួយចំនួនទៀត៕