(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន​ជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ ជាលើកទី៧ ក្រោយចងសម្ព័ន្ធមេត្រីភាព ព្រមទាំងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។

ពិធីនេះប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតក្នុងភូមិបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា លោក គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ និងថ្នាក់ឧត្តមសេនីយ៍ វរៈសេនីយ៍ ជានាយ នាយទាហានរង មួយចំនួនទៀត។

​លោក កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូន នាយទាហាន ពលទាហាន ព្រមទាំងបានអំពាវនាវឲ្យ នាយទាហាន ពលទាហានទាំងអស់ ត្រូវគោរពបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមការពារសន្តិសុខ ជូនជាតិ និងប្រជាជនឲ្យខាងតែបាន។

​ជាមួយគ្នានោះ លោកសូមឲ្យកសាង និងពង្រឹងកម្លាំង មានទាំងបរិមាណ និងគុណភាព កសាងធនធានមនុស្សតាមរៈការហ្វឹកហ្វឺនបង្កើនសមត្ថភាព និងគុណធម៌ ដើម្បីរួមចំណែកការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជឿជាក់លើការដឹកនាំ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យអ្នកណារំលោភបានឡើយ ព្រមទាំងបង្កើនសាមគ្គីភាពផ្ទៃក្នុង​ ទំនាក់ទំនងល្អជាមួយអាជ្ញាធរ សប្បុរសជន និងប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ រួមមាន៖ មី ២៥០កេស, ប៊ីចេង១៥កេស, ត្រីខកំប៉ុង៥៥កេស, បារី១០០សុង, ប្រេងកូឡា៩០ឡូ, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ប្រហុកសាច់៩០គីឡូក្រាម, ទឹកត្រី៩៥យួរ, ទឹកស៊ីអ៊ីវ៩៥យួរ, ស្ករត្នោត១៥០គីឡូក្រាម និងឧបត្ថម្ភជូននាយទាហាន ពលទាហាន៨៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរឿន សរុបជាទឹកប្រាក់ ១៥,៧៣៥ដុល្លារ៕