(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាប្រជាពលរដ្ឋ នៅភូមិកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីចង់ដឹងពីសុខទុក្ខរបស់ពួកគាត់។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា ក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក របស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ ហើយនេះជាភូមិទី១៣ ក្នុងចំណោមភូមិទាំង១៥ ក្នុងឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ដែលក្រុមការងាររបស់លោក ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ។

ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ស្នើសុំក្រុមការងារ ឲ្យជួយពួកគាត់ ដូចជាស្នើសុំជួសជុលផ្លូវ ប្រវែង១,០៣២ម៉ែត្រ បងប្អូនពិការស្នើសុំរទេះរុញថ្មី ទុរគត កើតជម្ងឺទាចទឹក សុំជួយព្យាបាលជំងឺគីសដោះ ប្រជាពលរដ្ឋ៧គ្រួសារ ស្នើសុំខ្សែភ្លើង៣៥០ម៉ែត្រ និងតង់ធំមួយក្នុងគ្រួសារ ជួយក្មេងកំព្រា ជួយអ្នកមានជំងឺ បេះដូងរីក ដូចជាសិស្សសាលាមួយចំនួន ត្រូវការកង់ជិះទៅសាលាជាដើម ហើយរាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

លោកបានបន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋ ប្រសិនបើមានបញ្ហាជួបការលំបាក ត្រូវរាយការណ៍ មកក្រុមការងារ មេភូមិ មេឃុំ និងគណៈពង្រឹង ដែលចុះតាមមូលដ្ឋានរបស់បងប្អូន ដើម្បីដោះស្រាយជូន លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករ ដល់ប្រជាពលរដ្ឋ ហើយក្រុមការងាររបស់លោក បន្តជួយដល់ស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារសពផងដែរ៕