(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់នេះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើលិខិតចំហរមួយច្បាប់មក កាន់អង្គភាពព័ត៌មាន Fresh News ដើម្បីជាការឆ្លើយតបនឹង សេចក្តីថ្លែងការណ៍របស់ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការសហប្រជាជាតិ រួមទាំងអ្នក នយោបាយអាមេរិកាំងមួយចំនួន បានសម្ដែងនូវការបារម្ភចំពោះ កម្ដៅនយោបាយសិទ្ធិមនុស្សក៏ដូចជា ការវិវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការចេញលិខិតចំហរបស់ លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា នូវតែប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ដែលច្បាប់រដ្ឋក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរ បានចែងជាធរមាន និងប្រគល់ភារកិច្ចឲ្យប្រតិបត្តិដោយគ្មានងាករេ។ រាល់រូបភាពនៃសកម្មភាពណាមួយ ដែលកើតមានចេញពីបុគ្គល ឬក្រុមណាមួយដែលយល់ ឃើញថាជាឧបសគ្គ ឬប្រឆាំងនឹងនីត្យានុកូល ភាពសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ គឺត្រូវតែដាច់ខាតកម្ចាត់ និងបំបាត់ចេញពី សង្គមប្រជាធិបតេយ្យខ្មែរបច្ចុប្បន្ន»

ខាងក្រោមនេះជាលិខិតចំហរ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់បណ្តាអង្គការ និងអ្នកនយោបាយអាមេរិកមួយចំនួន លើបញ្ហាសិទ្ធិមនុស្ស៖

អាស្រ័យដោយមានសំណួរ នៃចម្ងល់ជាច្រើន បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់របស់ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការសហប្រជាជាតិ រួមទាំងអ្នកនយោបាយអាមេរិកាំង មួយចំនួនបាន សម្ដែងនូវការបារម្ភចំពោះកម្ដៅនយោបាយសិទ្ធិមនុស្សក៏ដូចជា ការវិវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាបន្តបន្ទាប់មក ខ្ញុំសូមគោរពជម្រាបជូនក៏ដូចជារំលឹកសារជាថ្មីថា ជាបឋមកម្ពុជាសូមថ្លែងអំណរគុណចំពោះ ការយកកចិត្តទុកដាក់ និងសម្ដែងនូវក្ដីបារម្ភ ទាំងអស់នោះ ក៏ប៉ុន្តែរាល់ការបារម្ភទាំងអស់នោះគ្រាន់តែបង្ហាញនូវទស្សនៈដឹង និងយល់ ដែលស្រង់ចេញពីព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងលំអៀង ដែលជាព័ត៌មាន ឬរបាយការណ៍បំភ័ន្ត ឬប្រឌិតសម្រាប់ហេតុផលនយោបាយ និងជំហរ ដែលមានទិសដៅខ្ទាស់ ឬបំផ្លាញនីត្យានុកូលភាព ប្រឆាំងនឹងច្បាប់ សណ្ដាប់ធ្នាប់សង្គមរួមជាមួយ និងដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថេរភាពកម្ពុជា។

«រាជរដ្ឋាភិបាលកម្ពុជា នូវតែប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ដែលច្បាប់រដ្ឋក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរ បានចែងជាធរមាន និងប្រគល់ភារកិច្ចឲ្យប្រតិបត្តិដោយគ្មានងាករេ។ រាល់រូបភាពនៃសកម្មភាព ណាមួយ ដែលកើតមានចេញពីបុគ្គល ឬក្រុមណាមួយដែលយល់ឃើញថាជា ឧបសគ្គ ឬប្រឆាំងនឹងនីត្យានុកូលភាពសណ្ដាប់ធ្នាប់ សាធារណៈ និងសន្តិសុខជាតិ គឺត្រូវតែដាច់ខាតកម្ចាត់ និងបំបាត់ចេញពី សង្គមប្រជាធិបតេយ្យខ្មែរបច្ចុប្បន្ន»

ការប្រកាសជាផ្លូវការរបស់គណបក្សសង្គ្រោះជាតិ ជ្រើសរើសយកការប្រមូលផ្ដុំមហាជន ក្នុងរូបភាពមហាបាតុកម្ម អហឹង្សាប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការ នៅក្នុងកិច្ចការពារផលប្រយោជន៍ ឯកជន ឯកឧត្ដម កឹម សុខា គឺជាការប្រមាថ ប្រឆាំងនឹងនីតិវិធី របស់តុលាការ ឬវិធានរបស់តុលាការ គឺជារឿងបង្កើត ចលាចល កុបកម្ម បះបោរ ប្រឆាំង និងអំណាចស្ថាប័នរដ្ឋសុទ្ធសាធ ដែលមិនត្រូវអនុញ្ញាតដាច់ខាតដូចស្មារតី នៃច្បាប់បានចែង និងក៏ស្ថិតនៅជាធរមាន ក្នុងការអនុវត្ត។ សកម្មភាព នៃការគៀងគរកម្លាំងមហាជន នេះជាករណីព្រហ្មទណ្ឌសុទ្ធសាធ មិនត្រឹមតែប្រឆាំងនឹង តុលាការប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាករណី វាយប្រហារជាក់ស្ដែងដល់សន្តិភាព និងសន្តិសុខជាតិទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តំណាងឆន្ទៈ និងផលប្រយោជន៍មហាជនខ្មែរ ជាមួយឯករាជ្យភាពរបស់ខ្លួន ប្រកបដោយអធិបតេយ្យភាពពេញលេញ សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ សូមអធ្យាស្រ័យចូលរួមសហការ ដើម្បីធានា និងពង្រឹងនូវដំណើរការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ នីតិរដ្ឋស្ថេរភាព និងសន្តិភាព ក៏ដូចជាឱកាសមាសមួយ ក្នុងការអនុវត្តប្រកបដោយចីរភាព និងប្រសិទ្ធភាពតាមរយៈកំណែទម្រង់ដ៏រស់រវើករបស់ រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ក្នុងការ រឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ៕