(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានផ្ដល់នូវគន្លឹះដល់និស្សិត ​ដែលបញ្ចប់ការ​​សិក្សា មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីឲ្យពួកគេជ្រើសរើសជំនាញសិក្សា ឲ្យត្រូវនឹងតម្រូវការទីផ្សារការងារ ក្នុងការសិក្សា​​​នៅថ្នាក់ឧត្តមសិក្សា គឺរៀនជំនាញបច្ចេកទេស។

ការលើកឡើងរបស់រដ្ឋមន្រ្ដីនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពី «ការតម្រង់ទិសលើមុខជំនាញថ្នាក់ ឧត្តមសិក្សា​​សម្រាប់សិស្សជាប់បាក់ឌុប» នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦
ដោយមានការចូលរួម ពីសំណាក់អាណាព្យាលបាល​​សិស្ស និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

លោក ហង់ ជួនណារ៉ុន បានថ្លែងថា «និស្សិតមិនគួរជ្រើសរើសជំនាញសិក្សា ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួននោះទេ គួរតែជ្រើសរើសនូវជំនាញណា ដែលទីផ្សារការងារត្រូវការ។
ជំនាញដែលទីផ្សារត្រូវការ គឺជាជំនាញបច្ចេកទេស ដូចជា ផ្នែកកុំព្យូរទ័រ វិស្វករ ជំនាញទាំងអស់នេះ គឺត្រូវនឹងតម្រូវការទីផ្សារ ហើយក៏នៅមានជំនាញមួយចំនួនទៀត ដែលមានតម្រូវការទីផ្សារដែរ
ប៉ុន្តែទាមទារឲ្យចេះ​ឲ្យច្បាស់ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារ»

លោករដ្ឋមន្រ្ដីបានឲ្យដឹងថា «យុវជនមួយចំនួន ពេលដែលបញ្ចប់ការសិក្សាហើយ បែរជាគ្មានទីផ្សារសម្រាប់រកការងារធ្វើ ទាំងអស់នេះ គឺបណ្ដាលមកពីការមិនដឹងទីផ្សារ ពលកម្មនៅពេលដែលកំពុងរៀន ដូចច្នេះបានជាមានការធ្វើសិក្ខាសាលា​​ នេះឡើង គឺដើម្បីប្រាប់ទៅដល់សិស្សានុសិស្សថា តើទីផ្សារពលកម្មត្រូវការជំនាញអ្វី? ១០ឆ្នាំទៅមុខទៀត គេត្រូវការ​​ជំនាញអ្វី? មួយទៀត គឺយើងត្រូវចេះធ្វើការជ្រើសរើស ជំនាញដែលទីផ្សារត្រូវការ»

លោក ស៊ាង សុបញ្ញា ជានាយកវិទ្យាស្ថាន CAM-ASEAN បានថ្លែងឲ្យដឹងថា​ គោលបំណងនៃការ​​រៀបចំសិក្ខាសាលានេះឡើងគឺ ដើម្បីឲ្យរៀមច្បង ផ្ដល់នូវបទពិសោធន៍ មកចែករំលែកដល់ប្អូនៗ
ដែលទើបប្រឡងជាប់​បាក់​ឌុប ដែលមកពីបណ្ដាខេត្ត ដែលមិនទាន់បានដឹងថា រៀនជំនាញអ្វី សកលវិទ្យាល័យណាមួយ ដែលគួររៀនដើម្បីយល់ដឹង​​​។

លោកបានបន្ដទៀតថា «សិក្ខាសាលានេះ មានសំរៈសំខាន់ណាស់ដល់ប្អូនៗ និស្សិត នេះគឺជាដំណាក់កាលរបបជីវិតមួយ របស់ពួកគេហើយការសម្រេចចិត្ត ជ្រើសរើសជំនាញណាមួយខុស
អាចបណ្ដាលឲ្យជីវិតរបស់ពួកគេ មានការប្រែប្រួល​​​​សម្រាប់សិក្ខាសាលាថ្ងៃនេះ អាចជាមូលដ្ឋានមូល សម្រាប់ប្អូនៗធ្វើការពិចារណា ដើម្បីស្វែងយល់ពីខ្លួនឯងថា ខ្លួន​​សក្ដានុពលអ្វី តើចង់ចាប់យកជំនាញអ្វី ទៅថ្ងៃអនាគត តើនៅថ្ងៃអនាគតជំនាញនោះ មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះ?»​​​។

លោកក៏បានបន្ថែមទៀតថា «សម្រាប់សិស្សនិស្សិតមួយចំនួន ដែលជ្រើសរើសមុខជំនាញខុស គឺបណ្ដាលមកពី មិនបានទទួលព័ត៌មានជាក់លាក់ ក្នុងការចាប់យកជំនាញ
ជួនកាលគាត់អាចរើសយកជំនាញតាមមិត្តភក្ដិ គឺខ្លួនគាត់មិន​​បានសិក្សាស្វែងយល់ ពីសក្ដានុពលរបស់ខ្លួនគាត់ គឺភាពខ្លាំង និងភាពខ្សោយអ្វី ដែលសំខាន់ជាងនេះ ទៅទៀតគឺចង់ប្រាប់
គាត់ថា នៅពេលដែលសិក្សា គឺត្រូវខិតខំប្រឹងប្រែងសិក្សា និងចាប់ជំនាញឲ្យច្បាស់លាស់»