(ភ្នំពេញ)៖ ក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ តាមបង្ក្រាបនិងឃាត់ខ្លួន បានជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពវាយយកម៉ូតូ ពីប្រជាពលរដ្ឋបានសម្រេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានស្រាវជ្រាវ កាលពីយប់ថ្ងៃទី១១ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១ ៦ នៅចំណុចលើផ្លូវ២៧៣កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ហ៊ុយ ហៀន បានបញ្ជាក់ថា «ជំហានដំបូងកម្លាំងសមត្ថកិច្ចយើង បានទទួលជនសង្ស័យជាបក្ខពួកក្រុមចោរ វាយយកម៉ូតូ២នាក់ និងម៉ូតូ១គ្រឿងពីសមត្ថកិច្ចខណ្ឌទួលគោក ដែលបង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពវាយយកម៉ូតូ១គ្រឿង ពីជនរងគ្រោះដើម្បីបន្តស្រាវជ្រាវស្វែងរក ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់»

លោកបន្តថា ក្រោយទទួលបានជនសង្ស័យ២នាក់ ពីសមត្ថកិច្ចខណ្ឌទួលគោកហើយនោះ និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ និងកម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក៏បន្តស៊ើបអង្កេត បានតម្រុយខ្លះៗ រហូតមកដល់ព្រឹកថ្ងៃទី១៧ កញ្ញា នេះកម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាប និងឃាត់បក្ខពួកជនសង្ស័យបានម្នាក់ទៀតតែម្ដង។ ដោយឡែក បក្ខពួកក្រុមម្នាក់ទៀតឈ្មោះ និត បាននិងកំពុងរត់គេចខ្លួន។

នាយប៉ុស្ដិ៍ដដែលបានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួនទី ១-ឈ្មោះ រស់ ច័ន្ទសុភ័ក្រដារា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន( ឃាត់ខ្លួន) ទី២-ឈ្មោះ ទ្រី មួយអ៊ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ទី៣-ឈ្មោះរៀម រ៉ាស៊ី ហៅពៅឆ្វេង ភេទប្រុស អាយុ២៤ឆ្នាំ មុខមិនពិតប្រាកដ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនសង្ស័យទី៤-ឈ្មោះ និត បាន និងកំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង៤នាក់ មានទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះ បន្ទាប់ពីកើតហេតុមិនបានមកដាក់ពាក្យបណ្ដឹងនោះឡើយ។

ចំណែកម៉ូតូ១គ្រឿងដែលសមត្ថកិច្ច ដកហូតពីក្រុមជនសង្ស័យម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤។ សូមបញ្ជាក់ថា ជនសង្ស័យជាក្រុមចោរវាយយកម៉ូតូទាំង៣ នាក់និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ៕