(សៀមរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានអនុវត្តន៍យុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានអប់រំ និងទំនាក់ទំនង (Information Education and Communication) លើការដែល គួរស្វែងយល់អំពីជម្ងឺ «Zika» ទាំងអស់គ្នា ដែលជាសកម្មភាពរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាវត្តបូព៌។

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីរបស់មន្ទីរ ក៏មានចែកខិតប័ណ្ណ ជូនមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១,០០០នាក់ ជាមួយការផ្សព្វផ្សាយអប់រំ ការបាញ់ថ្នាំកំចាត់មូស នៅក្នុងបរិវេណទីធ្លាសាលា និងក្នុងបន្ទប់រៀន ទីសាធារណៈ លំនៅដ្ឋាន និងសហគមន៍គោលដៅមួយចំនួនទៀត ផងដែរ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីជំនាញ បានផ្សព្វផ្សាយថា ការចូលរួមយល់ដឹងអំពីជម្ងឺ «ហ្ស៊ីកា» ទាំងអស់គ្នា! គឺមានសារៈសំខាន់ណាស់ ព្រោះ «ហ្ស៊ីកា» ជាប្រភេទជំងឺឆ្លង ដែលបង្ករដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លង ជាប្រភេទសត្វមូសខ្លា ដែលដូចគ្នានិងជំងឺគ្រុនឈាម ហើយភាគច្រើននៃនេះ ប្រហែល៧០ភាគរយ ទៅ៨០ភាគរយ ពុំមានស្ដែងចេញជា រោគសញ្ញាអ្វីទាំងអស់ ប៉ុន្ដែរោគសញ្ញាដែអាចកើតមាន ដូចជា ក្ដៅខ្លួន រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក) ឈឺសាច់ដុំ សន្លាក់ដៃជើង ភ្នៃកឡើងក្រហម (រលាក Conjunctive ភ្នៃក) និងរោគសញ្ញាបន្ទាប់បន្សំ ដូចជា អស់កម្លាំង ឈឺក្បាល វិបត្តិផ្លូវរំលាយអាហារ (រាគ ក្អួត)។

លោកបានសង្កត់ធ្ងន់ថា ស្ដ្រីមានផ្ទៃពោះ ក្នុងកំឡុងត្រីមាសទី១ ទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ក្នុងការការពារជម្ងឺនេះ ចំពោះអ្នកជម្ងឺដែលមានអាការៈ ដូចបានរៀបរាប់ខាងលើ សូមស្វែងរកការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៃបណ្ដារាជធានី-ខេត្ត មន្ទីរពេទ្យនៅថ្នាក់ជាតិ ឬមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យ ពិតប្រាកដនៃជម្ងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគប្រភេទ Zika នេះនៅក្នុងឈាមអ្នកជម្ងឺ។

លោកក៏បានឲ្យដឹងដែរថា រហូតដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមិនទានមានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ «ហ្ស៊ីកា» នេះនៅឡើយទេ អ្វីដែលសំខាន់នោះ គឺត្រូវកំចាត់ជម្រកមូស និងការពារពីមូសខាំ គេងក្នុងមុង ស្លៀកសំលឿកបំពាក់ជិតៗ (មានពណ៌បាំង) ជៀសវាងនៅក្នុងទីងងឹត ប្រើផលិតផលការពារមូស ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនខ្ពស់បំផុត៕