(សៀមរាប)៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានដឹកនាំក្រុមការងារជាតិ ខេត្ត និងក្រុង ស្រុក ប្រជុំបូកសរុបលទ្ធផលការងារ នៃការរៀបចំវេទិការបស់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តសៀមរាប ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ នៅសាលប្រជុំធំ នៃរដ្ឋបាលខេត្តសៀមរាប។

តាមរាយការណ៍របស់ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងថា អស់រយៈពេលប្រាំបួនខែកន្លងមកនេះ ក្រោមការណែនាំជាប្រចាំពីលោក ប្រធានក្រុមការងារ, សមាជិក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តសៀមរាបទាំងមូល និងដោយបានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានបង្កលក្ខណៈឲ្យក្រុមការងារតាមបណ្ដាក្រុង ស្រុកក្ដាប់បាននូវសភាពការណ៍ ជាក់ស្ដែងមួយចំនួន រួមមានតម្រូវការរបស់សហគមន៍ បញ្ហាប្រឈម ក្ដីកង្វល់នានា ហើយដោះស្រាយបញ្ហាទាំងនោះនៅ នឹងកន្លែងបានមួយចំណែក និងសេសល់មួយចំនួនទៀត ដែលត្រូវបន្តរិះរកមធ្យោបាយ ធនធាន និងវិធានការណ៍ សមស្រប ដើម្បីឆ្លើយតបនឹងសំណូមពរ បញ្ហាស្មុកស្មាញទាំងនេះ ស្របតាមមូលដ្ឋានជាក់ស្ដែងនីមួយៗ។

លោកអភិបាលខេត្ត ក៏បានបន្តថា ក្រោមគោលនយោបាយ​ កំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ក្នុងត្រីមាសទី៣នេះ រដ្ឋបាលខេត្តសៀមរាប រក្សាបាននូវស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។

ទទឹមនឹងការរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តក៏បានធ្វើការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលនានា ការធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្តពង្រីផ្លូវជាតិលេខ៦ ចាប់ពីកែងផ្លូវ៦០ម៉ែត្រ ទៅដល់អតីតបេនឡានចុងកៅស៊ូបានចំនួន៨០% តម្លើងបង្គោលភ្លើងបំភ្លឺសាធារណៈ កំពុងពិភាក្សារកដំណោះស្រាយទីលានចាក់សម្រាម។

ឆ្លងតាមការពិភាក្សាផ្លាស់ប្តូរមតិយោបលក្នុងនោះ យើងរកឃើញនូវចំនុចខ្លាំង និងបញ្ហាប្រឈមមួយចំនួន នៅតាមបណ្ដាមូលដ្ឋាន។ នៅក្នុងនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា រាល់បញ្ហាដែលមានកើតឡើង កន្លងមក នៅតាមបណ្ដាមូលដ្ឋាន ត្រូវបានអាជ្ញាធរយើងធ្វើការដោះស្រាយ តាមរយៈការធ្វើវេទិការសាធារណៈ នៅតាមបណ្ដាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះជួយក្រុង ស្រុក៕