(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន ជនជាតិវៀតណាម ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញឿន ដោយក្នុងនោះកម្លាំងជំនាញដកហូតថ្នាំ៥៦កញ្ចប់ និងម៉ូតូ២គ្រឿង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលំ ស្ថិតក្នុងក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ហ៊ីម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាកប៉ុស្ដិ៍ស្វាយប៉ាក ក្រោមការណែនាំពីលោក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌ បានលបឆ្មក់ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួន ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន២នាក់ឪពុកកូន ហើយជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយូរណាស់មកហើយ។

បើតាមនាយប៉ុស្ដិ៍ ជនសង្ស័យ​ដែលបានឃាត់ខ្លួនទី១-ឈ្មោះ ​ង្វៀង ហាវហូម ​អាយុ២៣ឆ្នាំ ទី២-ឈ្មោះ ង្វៀង ហាវថាំង ​អាយុ៥២ឆ្នាំ មុខរបរបោកគក់ខោរអាវ ត្រូវជាឪពុក ស្នាក់នៅ ក្បែចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ឪពុកកូន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមក សាកសួរ​​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់៕