(ពិភពលោក)៖ Arab Spring ជារលកនៃចលនាបដិវត្តការធ្វើបាតុកម្ម កូដកម្ម សង្គ្រាមស៊ីវិល នៅពិភពអារ៉ាប់ទាំងមូល ដែលបានកើតឡើងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០កន្លងទៅនេះដោយផ្តើមពីប្រទេស ទុយនេស៊ី ព្រមទាំងរីករាលដាលទៅកាន់បណ្តាប្រទេសផ្សេងទៀត នៅពិភពអារ៉ាប់ និងបណ្តាប្រទេសក្បែរនោះ។ 

ពាក្យស្លោកក្នុងពេលធ្វើបាតុកម្មគឺ «ប្រជាពលរដ្ឋចង់ផ្តួលរំលំរបបដឹកនាំ»។ ថ្វីត្បិតតែថ្នាក់ដឹកនាំមួយចំនួន ពិតជាបានចុះចេញពីដំណែងតបតាមការទាមទារ តែជាអកុសលលទ្ធផលដែលទទួលបានបែរជាលើសពីការរំពឹងទុក និងក្លាយជាសោកនាដកម្មដ៏ធំធេង ដោយសារមនុស្សជាច្រើននាក់ត្រូវស្លាប់ បណ្តាប្រទេសទាំង នោះត្រូវធ្លាក់ក្នុងស្ថានភាពអស្ថេរភាព គ្មានសណ្តាប់ធ្នាប់ជាទីបំផុត។

ខាងក្រោមនេះ ជារបាយការណ៍នៃចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងប្រទេសដែលធ្វើបដិវត្តន៍ពណ៌ Arab Spring នេះ៖
* ប្រទេស ទុយនេស៊ី៖ ចាប់ផ្តើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ មនុស្សស្លាប់៣៣៨នាក់
* ប្រទេស អេហ្ស៊ីប៖ ចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១មនុស្សស្លាប់៨៤៦នាក់
* ប្រទេស យេមែន៖ ចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ មនុស្សស្លាប់ជាងមួយម៉ឺននាក់
* ប្រទេស ស៊ូដង់៖ ចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ មនុស្សស្លាប់ជាង២០០នាក់
* ប្រទេស បារ៉ែន៖ ចាប់ផ្តើមនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ មនុស្សស្លាប់ជាង១២០នាក់
* ប្រទេស លីប៊ី៖ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ មនុស្សជាង៤ម៉ឺននាក់ស្លាប់
* ប្រទេស ស៊ីរី៖ ចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ មនុស្សជាង៣០ម៉ឺននាក់ស្លាប់
* បូករួមនិងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អារ៉ាប់។

បដិវត្តន៍ពណ៌ (Arab Spring) បានកើតឡើងក្នុងបណ្តាប្រទេសជាច្រើននៅតំបន់អារ៉ាប់ ដែលបដិវត្តន៍នេះ បានបណ្តាលឲ្យមានអំពើហិង្សា អស្ថេរភាពកើតឡើង ដែលត្រូវបានគេហៅម្យ៉ាងទៀតថា Arab Winter ឬ Islamist Winter។ វាបានបង្កឲ្យមានការរីកដុះដាលឡើងនូវសង្គ្រាមស៊ីវិល អស្ថិរភាពក្នុងតំបន់វិស័យ សេដ្ឋកិច្ចធ្លាក់ចុះ និងសង្គ្រាមសាសនាកើតឡើង ពួកឧទ្ទាមឥស្លាមរីកដុះដាលដណ្តើមកាន់កាប់តំបន់មួយចំនួន។

បើទោះបីជាផលប៉ះពាល់រយៈពេលវែងមិនទាន់បង្ហាញរូបរាងនៅឡើយ តែផលប៉ះពាល់រយៈពេលខ្លី បានកើតឡើងយ៉ាងខ្លាំងក្លាទូទាំងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងត្បូង។ សម្រាប់ប្រទេសទុយនេស៊ី និងអេហ្ស៊ីប បើទោះបីរបបចាស់ត្រូវបានផ្លាស់ប្តូរ និងជំនួសវិញដោយដំណើរការ នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាគ្រាន់តែជោគជ័យក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងនេះក្តី វាបានគេបង្កើតជាវិបត្តិនយោបាយរីកដុះដាលឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងប្រទេសអេហ្ស៊ីប។

ចំណែកនៅប្រទេសដទៃទៀតដែលគួរឲ្យកត់សម្គាល់គឺប្រទេស ម៉ូរូកូ និងឈូងសមុទ្រពែក្យជាដើមចលនា Arap Spring ដែលផ្តល់លទ្ធផលគឺត្រឹមតែធ្វើឲ្យ មនុស្សស្លាប់ តែមិនបានជម្រុញឲ្យមានអ្វីផ្លាស់ប្តូរអ្វីទាល់តែសោះ។ ប្រទេស ស៊ីរី និងលីប៊ី លទ្ធផលជាក់ស្តែងនៃការធ្វើបាតុកម្មគឺ ការដួលរលំទាំងស្រុងនូវសណ្តាប់ធ្នាប់សង្គម។

លោកស្រី Faida Hamdy ជាមន្ត្រីម្នាក់ប្រចាំទីក្រុងមួយក្នុងប្រទេស ទុយនេស៊ី បានលើកឡើងដោយភាពសោកស្តាយថា «ពេលនោះខ្ញុំបានចាប់ផ្តើមចលនា Arab Spring តែពេលនេះ មនុស្សស្លាប់គ្រប់ទីកន្លែង និងពោរពេញដោយឈាមស្រោចពេញដី»។ លោកស្រី Hamdy បានថ្លែងប្រាប់សារព័ត៌មាន Telegraph ថា «ពេលខ្លះខ្ញុំប្រាថ្នាមិនចង់ឲ្យមានរឿងនេះកើតឡើងឡើយ»។ លោកស្រីបន្តថា «ខ្ញុំប្រកាសទទួលខុសត្រូវសម្រាប់រឿងគ្រប់យ៉ាង។ ពេលខ្លះខ្ញុំបានបន្ទោសខ្លួនឯង និងនិយាយថា នេះដោយសារតែខ្ញុំ, ខ្ញុំជាអ្នកបង្កើតដានប្រវត្តិសាស្ត្រដ៏អាក្រក់ ដោយខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលបានចូលរួមក្នុង សកម្មភាពទាំងនោះ»។

ដើមហេតុដំបូង, ចលនា Arab Spring ផ្តើមចេញពីបុរសវ័យក្មេងជាអ្នកលក់បន្លែម្នាក់ក្នុងប្រទេស ទុយនេស៊ី។ ដោយភាពអស់សង្ឃឹមក្នុងជីវិត បន្ទាប់ពីត្រូវបានគេរឹបអូសរទេះលក់បន្លែរបស់ខ្លួន បុរសវ័យក្មេងរូបនោះបានដុតខ្លួនឯងដោយអណ្តាតភ្លើង ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយមក លោកបានស្លាប់បាត់បង់ជីវិតទៅ ហើយបុរសវ័យក្មេងផ្សេងៗទៀតបានយកតម្រាប់តាម។ បន្ទាប់មកបាតុកម្មផ្ទុះឡើង ដោយទាមទារឲ្យប្រធានាធិបតីទុយនេស៊ីចុះចេញពីតំណែង។ ទីបំផុតចលនា Arab Spring ក៏បានផ្ទុះឡើងជាបន្តបន្ទាប់ពាសពេញតំបន់អារ៉ាប់ សោកនាដកម្មក៏បានកើតឡើង មនុស្សសរុប១០ពាន់នាក់ស្លាប់ ជាលទ្ធផលបណ្តាលមកពីចលនាទាមទារផ្លាស់ប្តូររបបដឹកនាំ៕