(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានប្រគល់ប័ណ្ណក្បាលដី កម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ ៧៥២២ ក្បាលដី មកពី ១១ភូមិ ក្នុង សង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

ពិធីនេះដោយមានវត្តមានចូលរួមពី សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ប្រធាន-សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល-អភិបាលរងខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ រួមនិងប្រពលរដ្ឋប្រមាណជា១ពាន់នាក់ ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា  ចំពោះការយឺតយ៉ាវក្នុងដំណើរការ ប្រគល់ប័ណ្ណកម្មសិទ្ធិនាពេលកន្លងមកនេះ ព្រោះកិច្ចការរៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីនេះ គឺត្រូវធ្វើកិច្ចការប្រកបដោយជំនាញ និងភាពប្រយ័ត្នប្រយែងខ្ពស់បំផុត ពិសេសបំផុតនោះ នៅខេត្តសៀមរាប រួមទាំងក្រុងសៀមរាប គឺជាតំបន់បុរាណស្ថាន និងប្រាង្គប្រាសាទដែលជាកេរ្តិ៍ដំណែល ដ៏មហាសាលរបស់ដូនតាខ្មែរ ដែលយើងទាំងអស់គ្នាត្រូវការពារ និងអភិរក្សក្នុងកម្រិតខ្ពស់ តាមផ្លូវច្បាប់ ផងដែរ ។

នាយឧត្តមសេនីយ៍ បានបន្ដថា  ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលមានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប និងមន្ត្រីជំនាញ អាជ្ញាធរដែនដី នឹងបន្តខិតខំប្រឹងប្រែង បន្តសិក្សាផ្ទៀងផ្ទាត់ ក្នុងការជម្រុញពន្លឿនកិច្ចការ ដែលនៅសេសសល់ ក្នុងការរៀបចំប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។

បើតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះក្បាលដីស្ថិតនៅក្នុងភូមិចំនួន ៤សង្កាត់ជ្រាវ មានចំនួនសរុប ៤៦៤២ក្បាលដីបានបិទផ្សាយចប់។ កន្លងទៅគណៈកម្មការរដ្ឋបាលបានប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវដោះស្រាយ ហើយពេលនេះ ប្រជាពលរដ្ឋត្រូវបាន ទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចំនួន ៣.៨៧៩ក្បាលដី មកពី ៤ភូមិ ពីសង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ថ្ងៃនេះត្រូវបានទទួល ៣.៦៤៣ក្បាលដី មកពី ៧ភូមិ ផងដែរ៕