(កណ្ដាល)៖ លោកស្រី ឃួន សុដារី និងក្រុមគ្រួសារ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានមកចូលរួមដាក់បិណ្ឌវេនទី១២ នៅវត្តប្រជុំទី ហៅវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបាននាំយកអំណោយ និងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងពិធីដាក់បិណ្ឌនេះ លោកស្រីបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅលោកខាងមុខ។ ក្រៅពីនេះ លោកស្រីបានប្រគេនបច្ច័យជូនព្រះចៅអធិការវត្តក្រពើហា ចំនួន៥០០ដុល្លារ, ព្រះសង្ឃ ១៧៧អង្គ ក្នុងមួយអង្គៗទទួលបាន ៥ម៉ឺនរៀល, បច្ច័យកាន់បិណ្ឌ ២២លានរៀល និង៥ពាន់រៀល, អង្ករចំនួន៤បាវ, មី១កេសធំ, ត្រីខ ១កេសធំ, ទឹកក្រូច ៦កេស, ទឹកសុទ្ធ ៦កេស, ស្លាដក់ ៨កញ្ចប់។

ជាមួយគ្នានេះ លោកស្រីក៏បានជូនថវិការដល់ លោកតាលោកយាយចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ ២ម៉ឺនរៀល, ជូនប្រជាពលរដ្ឋក្រីក្រក្នុងម្នាក់ៗ ១ម៉ឺនរៀល, កងកម្លាំងសមត្ថកិច្ច និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ផងដែរ៕