(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានធ្វើការបដិសេធចោលទាំងស្រុង ជុំវិញការចោទប្រកាន់ មកលើលោក សួង ម៉េងឡុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច ថាលោកបានដាក់បញ្ជូនកូនរបស់ខ្លួនឯងចូលក្នុងក្របខណ្ឌក្រសួងជាគ្រូបង្រៀនកម្រិតឧត្តម នៅវិទ្យាស្ថានជាតិសង្គមកិច្ច។

លោក ឯម​ ច័ន្ទមករា បានបញ្ជាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ យ៉ាងច្បាស់ថា ការចោទប្រកាន់មកលើលោក សួង ម៉េងឡុង គឺធ្វើឡើងដោយគ្មានមូលដ្ឋាន និងភ័ស្ដុតាងច្បាស់លាស់ ហើយការចោទប្រកាន់នេះ គឺគ្រាន់តែធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះរបស់លោក សួង ម៉េងឡុង តែប៉ុណ្ណោះ។ លោកបន្ថែមថា សម័យនេះហើយ មិនប្រើខ្សែទៀតនោះទេ គឺគេប្រើសមត្ថភាពពិតៗ ហើយប្រសិនបើលោក សួង ម៉េងឡុង គ្រាន់តែដាក់បញ្ចូលកូនរបស់លោក ឈ្មោះ ឡុង ឈន់​ ក្នុងក្របខណ្ឌនោះ បើកូនគ្មានសមត្ថភាព ក៏មិនអាចធ្វើការកើតដែរ មូលហេតុដែលកូនរបស់លោក បានចូលមកធ្វើការនេះ គឺប្រើសមត្ថភាពសុទ្ធសាធ លោក ឡុង ឈន់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញា បត្រ ផ្នែកសេដ្ឋកិច្ច មកពីប្រទេសសឹង្ហបុរី ហើយកំពុងតែមកបម្រើការនៅក្រសួង មិនមានប្រើខ្សែអ្វីទាំងអស់។ រីឯអ្នកចោទប្រកាន់វិញ គឺគ្រាន់តែមានបំណងចង់បង្ខូចកេរ្ដិ៍ឈ្មោះ តែប៉ុណ្ណោះ។

ការចោទប្រកាន់បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានលិខិតដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដោយបញ្ជាក់ថា ក្រសួង ស្ថាប័ន មន្ត្រីរាជការ ចូល​ក្របខណ្ឌ​រដ្ឋ តាម​ការប្រឡង និង​ការបញ្ចូល​ពិសេស គឺ​ផ្អែកលើ​សមត្ថភាព​បុគ្គល ប៉ុន្តែ​លោក​សួង ម៉េង​ឡុង អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញ វត្ថុ នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រើ​ឥទ្ធិពល និង​អំណាច​បញ្ចូល​កូនបង្កើត ឈ្មោះ ឡុង ឈន់ ក្នុង​ក្របខណ្ឌ​ពិសេស ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​៕