(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការ បោះឆ្នោត (គ.ជ.ប) បានរកឃើញថា ករណីទាហានមួយក្រុមទៅចុះឈ្មោះបោះឆ្នោតនៅក្រៅ មូលដ្ឋានបន្ទាយរបស់ពួកគេនោះ គឺមិនមានការបង្ខិតបង្ខំដូចការអះអាងក្នុងពាក្យបណ្តឹងរបស់គណបក្សសង្រ្គោះជាតិទេ។ គ.ជ.ប អះអាងថា ករណីនេះគ្រាន់តែខុសនឹងវិន័យយោធា ក៏ប៉ុន្តែមិនបានខុសចំពោះនីតិវិធីចុះឈ្មោះបោះឆ្នោតឡើយ។

លទ្ធផលរបស់ គ.ជ.ប ដែលបង្ហាញនាពេលនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ បានស្នើទៅប្រធាន គ.ជ.ប ពិនិត្យនិងចាត់វិធានការចំពោះករណី ដែលមានការចាត់តាំងកងម្លាំងប្រដាប់អាវុធយោធាឲ្យទៅចុះឈ្មោះបោះឆ្នោតនៅទីតាំង ផ្សេងពីទីតាំងលំនៅ ឬទីសំណាក់ ពិតប្រាករបស់សាម៉ីខ្លួន។ គណបក្សប្រឆាំងបានចាត់ទុកសកម្មភាពនេះ រំលោភបំពានលើច្បាប់ បោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការ ចុះឈ្មោះបោះឆ្នោត និងមានលក្ខណៈបង្ខិតបង្ខំផ្ទុយពីឆន្ទៈពិតប្រាកដរបស់សាម៉ីខ្លួន  ហើយថាសកម្មភាពនេះ បង្ហាញរូបភាពគំរាមគំហែង ដល់ការចុះឈ្មោះបោះឆ្នោតដទៃទៀតផងដែរ។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃនេះដោយទទួលស្គាល់ថា​ គ.ជ.ប ពិតជាបានរកឃើញករណីទាហានមួយក្រុមនៅខេត្តព្រះវិហារ បានទៅចុះឈ្មោះបោះឆ្នោតនៅក្រៅមូលដ្ឋានបន្ទាយរបស់ខ្លួនប្រាកដមែន ប៉ុន្តែករណីនោះ មិនមានខុសច្បាប់របស់គ.ជ.បនោះទេគ្រាន់តែ ជាករណីភ័ន្តច្រឡំតែប៉ុណ្ណោះ។ លោកបានបន្ថែមថា ទាហានទាំងនោះបានយកពេលទំនេររបស់ខ្លួនទៅស៊ីឈ្នួលកាប់អំពៅនៅមូលដ្ឋាន ផ្សេង ហើយក៏ឆ្លៀតពីនោះទៅចុះឈ្មោះបោះឆ្នោតតែម្តង។

លោកបញ្ជាក់ថា «អ្វីដែលគ.ជ.ប បានរកឃើញចំពោះបណ្តឹងឆ្ពោះទៅរក៩០នាក់នោះ បានទទួលលទ្ធផលផ្សេងពីអ្វីដែលជាការប្តឹង ហើយក្នុងនោះក៏ជារឿងភ័ន្តច្រឡំដែរចំពោះការចុះឈ្មោះបោះឆ្នោតនេះ»។ លោកថា «បញ្ហាសំខាន់គឺមិនមែនជាការរំលោភទេប៉ុន្តែផ្ទុយទៅ វិញគឺជាការភ័ន្តច្រឡំមួយ ដែលគ.ជ.ប បានពិចារណាទៅ ទោះបីជាគាត់ចុះឈ្មោះនៅកន្លែងហ្នឹងមែន ប៉ុន្តែគាត់ក៏មិនមានឱកាសចុះឈ្មោះ នៅឃុំរបស់គាត់ទៅវិញទេ អញ្ចឹងគាត់នៅតែមានសិទ្ធិមួយដដែល គឺគាត់អាចបោះឆ្នោតមួយសន្លឹកដដែល»

នាពេលកន្លងទៅ គ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានណាក៏បានដែរនៅក្នុង ប្រទេសកម្ពុជាឱ្យតែមានឯកសារសម្រាប់ការចុះឈ្មោះគ្រប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការបោះឆ្នោត។ កម្មករដែលធ្វើការ នៅភ្នំពេញ ក៏អាចចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញបានដែរ ដោយមិនចាំបាច់ទៅចុះឈ្មោះ ឬបោះឆ្នោត នៅស្រុកកំណើតទេ។ គ.ជ.ប រំពឹងថា ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទៅចុះឈ្មោះបោះឆ្នោត។

កាលពីម្សិលមិញ គ.ជ.ប ក៏បានចេញអំពីក្រមសីលធម៌៥ចំណុច ដើម្បីឱ្យគណបក្សនយោបាយ ក្រសួងស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានាគោរពតាម ហើយមិនធ្វើការអ្វីដែលរំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោត។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ក្រមសីលធម៌នេះ ក៏បានណែនាំដល់គណបក្សនយោបាយ ដើម្បីកុំឱ្យធ្វើយុទ្ធនាការមួយចំនួនរំខាន់ដល់ការចុះឈ្មោះ របស់ប្រជាពលរដ្ឋ។ លោកបានឧទាហរណ៍ថា មានគណបក្សនយោបាយខ្លះបានធ្វើខុសនឹងក្រមសីលធម៌នេះដោយធ្វើសកម្មភាពចុះជជីក សួរនាំប្រជាពលរដ្ឋ​ អំពីការចុះឈ្មោះបោះឆ្នោតរបស់ពួកគេផងដែរ៕