(ភ្នំពេញ)៖ ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញរតនាគារ ពីរាជធានី-ខេត្តទូទាំងប្រទេសចំនួន ១២៣នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការរៀបចំ និងនីតិវិធីអនុវត្តថវិកាកម្មវិធីក្នុងក្របខណ្ឌ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា រួមនឹងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីអង្គការ UNICEF និងដែលធ្វើឡើងនៅថ្ងៃទី ៦-៧ ខែ តុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។ ពិធីបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ដោយសារអត្ថមនុញ្ញផលពីសុខសន្តិភាពពេញបរិបូរណ៍លើផ្ទៃប្រទេស ដែលជាបុព្វលក្ខខណ្ឌ និង ជាកាលានុវត្តភាពដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស បានធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមជាមួយការដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និង គោលដៅច្បាស់លាស់ ជាការផ្លាស់ប្តូរប្រព័ន្ធថវិកាពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅរកប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ សម្រាប់ជំរុញការបង្កើនល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងបំណងប្រថ្នារបស់ប្រជាជន។

ជាក់ស្តែងចលនានៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល បានប្រព្រឹត្តទៅប្រកបដោយបុរេសកម្ម និង ទទួលបានជោគជ័យជាផ្លែផ្កាជាបន្តបន្ទាប់ ក្នុងដំណាក់កាលទី១ និង ដំណាក់កាលទី២ ដោយកសាងបានភាពជឿទុកចិត្ត នៃថវិកា និងគណ នេយ្យភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការបន្តអនុវត្តការ កែទម្រង់នេះនៅដំណាក់កាលទី៣ និងដំណាក់កាលទី៤។

ជោគជ័យនេះ គឺជាបច្ច័យអនុគ្រោះជួយធ្វើឲ្យកម្ពុជាអាចដោះស្រាយនិងទប់ទល់បានដោយជោគជ័យ នូវឧបស័គ្គធំៗជាច្រើនពេលកន្លងមក ដូចជាៈ ផលប៉ះពាល់អវិជ្ជមាននៃវិបត្តិហិរញ្ញវត្ថុសកលលោក, វិបត្តិព្រំដែនជាមួយប្រទេសជិតខាង និងគ្រោះមហន្តរាយធម្មជាតិ ជាដើម។ ជាមួយនោះរាជរដ្ឋាភិបាលថែមទាំងនៅសល់អតិរេកសាច់ប្រាក់ សម្រាប់ដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនការចំណាយវិនិយោគលើវិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ និង សុខាភិបាល ជាដើម ទៀតផង ក្នុងគោលដៅជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ជានិច្ចកាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅឆ្នាំ២០១៥ កន្លងមក និងគិតត្រឹមចុងខែកញ្ញាឆ្នាំ២០១៦ នេះ ក្នុងក្របខណ្ឌនៃការងារអនុវត្តថវិកាកម្មវិធី មានវគ្គបណ្តុះបណ្តាលជាច្រើន និងបន្តបន្ទាប់ ត្រូវបានរៀបចំឡើង ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួងស្ថាប័នចំនួន២៥ និង មន្ទីរជំនាញក្រោមឱវាទ ដែលកំពុងនិងត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ២០១៦នេះ។

លោក ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ផងដែរថា ផ្អែកតាមលទ្ធផល នៃការចរចាថវិកាសម្រាប់ឆ្នាំ២០១៧ បញ្ជាក់ថា ថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នដែលបានចូលរួមអនុវត្តថវិកាកម្មវិធី នៅឆ្នាំ២០១៥ ត្រូវបានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា ។ ក៏ប៉ុន្តែក្រសួង ស្ថាប័ន ដែលទើបចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និងការកំណត់អង្គភាពថវិកា ។ បញ្ហាប្រឈមទាំងនោះគឺពាក់ព័ន្ធ ទៅនឹងសមត្ថភាពរបស់អង្គភាពថវិកានីមួយៗ។ ហេតុដូច្នេះហើយ ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តយកចិត្តទុកដាក់ជាអាទិភាព លើយុទ្ធនាការកសាងសមត្ថភាពថែមទៀត ជូនមន្រ្តីរាជការនៃអង្គភាពថវិការបស់ក្រសួងស្ថាប័នដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីសំដៅ លើកកម្ពស់សមត្ថភាព និង ការយល់ដឹងឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារ:សំខាន់នេះ ឱ្យសម្រចបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងស្មារតីនេះ លោកបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការគឺជាការងារចំាបាច់ ដែលគ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថា ក្នុងដំណាក់កាលទី៣ នេះ និង ដំណាក់កាលបន្ទាប់ នៅពេលខាងមុខ។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលនៅពេលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ចំសេចក្តីត្រូវការ សម្រាប់ជួយបង្កើនសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ជូនដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីគ្រប់រាជធានី ខេត្តទូទាំងប្រទេស ពិសេស សម្រាប់ការងាររៀបចំ និង ត្រួតពិនិត្យការអនុវត្តថវិកាមុនពេលចំណាយ ដែលនឹងអាចរួមចំណែកកាត់បន្ថយហានិភ័យ នៅពេលអនុវត្តគម្រោងកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពប្រចាំឆ្នាំដែលបានគ្រោងទុក។

ក្នុងខ្លឹមសារនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈគំនិតយោបល់ និងបទពិសោធន៍ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរៀងៗខ្លួនវិញ៕