(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិ​ការ​កិច្ច និងជាប្រធានក្រុម​ការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បាន​អញ្ជើញ​​ចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់​ជាតិចុះជួយ​ខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់​​ដឹកនាំខណ្ឌ សង្កាត់ទាំង១០ និងភូមិ នៅក្នុងខណ្ឌទួលគោក ដើម្បីបានស្វែងយល់ផ្ទាល់ ចំពោះ​វឌ្ឍនៈ​ភាព​របស់​ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ ដែលខ្លួន​ទទួល​ខុសត្រូវ មានបញ្ហាប្រឈមអ្វីខ្លះ ដើម្បី​រួមគ្នា​ដោះ​ស្រាយ។

លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានរាយការណ៍ឲ្យដឹងថា ក្នុង​ខណ្ឌ​ទួលគោកមានប្រជាពលរដ្ឋ​ ចំនួន២ម៉ឺន៥ពាន់៩៦២នាក់ មនុស្ស១៣ម៉ឺន៩ពាន់៨៤៦នាក់ ក្នុងនោះប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណគំរូថ្មី ចំនួន៩ម៉ឺន៤ពាន់៥៦២សន្លឹក។

ចំពោះសេវាបំរើប្រជាពលរដ្ឋ តាមរយៈការិយាល័យ​ច្រ​ក ចេញចូលតែមួយ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ ដែលបានមកទទួលសេវា​សរុបចំនួន​២ម៉ឺន​១ពាន់​៩នាក់ សរុបទឹកប្រាក់បានចំនួនជាង៣១៩ពាន់លានរៀល។

ចំពោះការងារអភិវឌ្ឍន៍មូលដ្ឋាន តបតាម​សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរួមមាន បញ្ហាទឹកលិច បញ្ហាផ្លូវថ្នល់ រដ្ឋបាលខណ្ឌ បានសិក្សា និងរៀបចំចេញគម្រោងផែនការអភិវឌ្ឍន៍របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសេវាសំណូមពរ និងសេវា​តម្រូវ​ការ ដោយក្នុងនោះ នៅក្នុងឆ្នាំ២០១៥កន្លងមក និងក្នុងឆ្នាំ២០១៦នេះ មានទាំងគម្រោងដែលអនុវត្តដោយ​រដ្ឋ​បាល​រាជធានីភ្នំពេញ និងគម្រោងដែលអនុវត្តដោយ រដ្ឋបាលខណ្ឌទួលគោកផ្ទាល់ បានយកចិត្តទុកដាក់ និងជំរុញការ​ងារ​ការដាក់បណ្តាញលូថ្មី ជាច្រើនខ្សែ ដាក់ភ្លើងបំភឺផ្លូវ ដាក់ស្លាកលេខផ្លូវ ការជួសជុលចាក់អ៊ុតកៅស៊ូ​ឡើង​វិញ​នៅតាម​ផ្លូវនានា នៅតាមមូលដ្ឋានសង្កាត់នានា ក្នុងខណ្ឌទួលគោក។ សម្រាប់ការងារការងារសន្តិសុខ សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋ លោកអភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ បានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានល្អប្រសើរ។

លោកស្រី ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំ​ប្រឹង​ប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទាំងអស់ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងកងកម្លាំង​មាន​សមត្ថកិច្ចទាំងអស់ ដែលបានរួមចំណែកជួយ​ក្នុងការអនុវត្ត​នូវ​នយោ​បាយ ដែលរាជរដ្ឋាភិបាល បានដាក់ចុះ​អោយ​អនុវត្ត បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ហើយយើងមើលឃើញថា នយោបាយដែលរាជរដ្ឋាភិ​បាល បាន​ផ្តល់​ជូន​នេះ គឺច្រើនណាស់ រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ហើយយើងបានរួមគ្នា ទាំង​កម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋានភូមិសង្កាត់ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សំដៅ​ធ្វើអោយក្នុងសង្កាត់យើងនីមួយៗ ប្រជាពលរដ្ឋ មានភាពកក់ក្តៅ មានទំនុកចិត្ត និងមានការជឿជាក់ មកលើ​ការ​ដឹក​នាំ​រ​បស់យើងគ្រប់ជាន់ថ្នាក់ ពិសេសបញ្ហាភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច។

ជាមួយនេះ លោកស្រីឧប​នាយក​រដ្ឋមន្ត្រី ក៏បានអរគុណចំពោះថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដែលបានទទួលយកនិងដោះស្រាយនូវរាល់​សំណើរ និងសំណូមពររបស់ខណ្ឌ សង្កាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់ប្រជា​ពល​រដ្ឋ​យើង។

លោកស្រីបញ្ជាក់ថា បញ្ហាការបំរើដល់ប្រជាពលរដ្ឋយើងនេះ​ យើងពិនិត្យអំពីការធានាការអនុវត្ត នូវ​យុទ្ធ​សាស្ត្រចតុកោណ ដែលក្នុងអាណត្តិទី៥ មកដល់ពេលនេះ គឺជាឆ្នាំទី៣ ឈានចូលទី៤ហើយ ឆ្នាំ២០១៧ និង២០១៨​ជិតមកដល់ហើយ ដូច្នេះយើងមានព្រឹត្តការណ៍នយោបាយ២ គឺការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ដែលជាព្រឹត្តការណ៍នយោបាយសម្រាប់យើងទាំងអស់គ្នា ត្រូវប្រឹងប្រែងខិតខំ ប្តេជ្ញា​ថែម​ទៀត ដើម្បីអោយប្រជាពលរដ្ឋ លោកបានមើលឃើញថាតើ យើងបានបំរើអ្វីគាត់ខ្លះ យើងនៅកៀកកិត​ជាមួយ​គាត់​យ៉ាងម៉ិចខ្លះ ដើម្បីគាត់វាយតម្លៃប្រកបដោយភាពយុត្តិធម៌ ចំពោះរាជរដ្ឋាភិបាល ដែលបានបំរើនូវសេចក្តី​ត្រូវការ​ ទាំងស្មារតី ទាំងសម្ភារៈ ទាំងកិច្ចការអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋយើងនៅតាមសង្កាត់ ក៏ដូចជាតាមភូមិ។

សូមបញ្ជាក់ថា ​ខណ្ឌ​ទួល​គោក គឺមានកិត្តិយសបំផុត ដែលត្រូវបានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជ្រើសរើសជាខណ្ឌដំបូង ក្នុងការចុះមកជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះ​ជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានក្រុម​ការងារថ្នាក់​ជាតិ​ចុះ​ជួយ​រាជ​​ធានីភ្នំពេញ៕