(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «នារីវេទមន្ត» ដែលជាប្រភេទរឿង បែបស្រមើលស្រមៃ អភិនិហា ស្នេ​ហា កំសត់ ស្រើបស្រាល និងព្រាត់ប្រាស់ ដែលបានចាយទុន ក្នុងការផលិតអស់២០ម៉ឺនដុល្លារនោះ ត្រូវបាន​ស​ម្ពោ​ធចាក់បញ្ចាំង ជាផ្លូវការ​ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តារោងកុនទំនើបៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ថ្លែងក្នុងពិធីសម្ពោធ ចាក់បញ្ចាំងជាផ្លូវការរឿង «នារីវេទមន្ត» ​នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០១៦លោក លោក យឹម សុ​សត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រងកម្មវិធី របស់ផលិតកម្ម Rock បានមានប្រសាសន៍ថា សម្រាប់ខ្សែភាពយន្តរឿង «នារីវេទមន្ត» ដែលត្រៀមចាក់បញ្ចាំង នាថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៦នេះ គឺជាស្នាដៃផលិត និងដឹកនាំសម្តែង ដោយលោក Jimmy Henderson ​ហើ​យតួអង្គសម្តែងសំខាន់ នៅក្នុងសាច់រឿងនេះរួមមាន កញ្ញា ឌុច លីដា ,លោក ដារ៉ា និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ្ឍ។

លោក យឹម សុសត្យា បានបន្តទៀតថា រឿងនេះជារឿង​ខ្នាតអន្តរជាតិ ដែ​លនឹង​ត្រូវ​ចាក់​​បញ្ចាំង នៅ​ក្រៅស្រុកផងដែរ។ ម្យ៉ាងទៀតខ្សែភាពយន្តរឿង «នារីវេទមន្ត»នេះ ក៏ត្រូវបានក្រសួងវប្បធម៌ និង​វិចិ​ត្រសិ​ល្បៈ​​ដាក់បំរាម ហាមក្មេងអាយុក្រោម១៥ឆ្នាំ ចូលទស្សនាដែរ។ មិនតែប៉ុណ្ណោះ ក្នុងផ្ទៃ​សា​ច់​រឿងអ្នកនិពន្ធ ចង់បង្ហាញពីជំនឿអរូបិយ គោរពបូជាអារុកអារក្ស អ្នកតាព្រៃភ្នំ ការប្រើសិ​ស្ប៍សា​ស្រ្តកា​ឡាខ្លួន ពីសព្វមកមនុស្ស ដែលមានប្រជាពលរដ្ឋ រស់នៅក្នុងភូមិដាច់ស្រាយា​ល​ ក្នុងព្រៃ​ជ្រៅ ដែលមានមេឃុំផ្តាច់ការ បំបិទសិទ្ធសេរីភាព ​ហាមឃាត់​យ៉ាងដាច់ខាត មិ​ន​ឲ្យ​អ្នកភូមិណាម្នាក់ចាកចេញ ពីស្រុក ហើយក៏មិនអនុញ្ញាត ឲ្យអ្នកក្រៅចូលមកក្នុងភូមិដាច់ខាតដែរ។

ប្រធានគ្រប់គ្រង កម្មវិធីរបស់ផលិតកម្ម Rock លោក យឹម សុសត្យា បានបញ្ជាក់បន្ថែមថា ក្រោ​យពីមានការបញ្ចេញTrailer រឿង «នារីវេទមន្ត» ត្រង់ឈុតស្រើបស្រាល របស់កញ្ញា ឌុច លីដា ហើ​យត្រូវបានបណ្តាញសាព័ត៌មាន មួយចំនួន យកចុះផ្សាយនោះភ្លាមៗនេះដែរ ក៏ត្រូវបានខាងក្រ​សួងវប្បធម៌​ និង​​វិចិ​ត្រសិ​ល្បៈស្នើ​សុំយកទៅត្រួត ពិនិត្យជាថ្មី។ ប៉ុន្តែក្រោយពីក្រសួង បាន​ត្រួ​តពិ​ន្យរួចរាល់ហើយ ឃើញថា គ្មានផលប៉ះពាល់ខ្លាំង ដល់វប្បធម៌ប្រពៃណីខ្មែរ ក៏បានអនុញ្ញាតឲ្យមានការ ចេញផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ តែក្នុងនោះក៏មាន​ទូរទស្សន៍ខ្លះ អត់ហ៊ានចាក់ផ្សាយ Trailer នេះដែរ។ តែលោកនៅតែជឿងជាក់ថា ខ្សែភាពយន្ត«នារីវេទមន្ត» នឹងទទួលបា​នកា​រគាំទ្រច្រើន។

ដោយឡែក បើតាមការឲ្យដឹង ពីផលិតករ និងជាអ្នកដឹកនាំសម្តែង លោក Jimmy Henderson ​បា​នថ្លែងថា រឿង «នារីវេទមន្ត» នេះគឺជាខ្សែភាពយន្តមួយ ដែលកើតចេញពីការខិតខំ​ប្រឹង​ប្រែ​ង​របស់​ក្រុមការងារទាំងអស់ នៃផលិតកម្មរ៉ុក ដើម្បីផលិតភាពយន្តមួយ ប្រកបដោយគុណភាពស្តង់ដា អន្តរជាតិ ដែលអាច​លក់ចេញ ទៅទីផ្សារក្រៅស្រុក និងអាចទទួល​បានពានរង្វាន់ ក្នុងការប្រកួតមហោ​ស្រពភាពយន្តជាតិ និងអន្តរជាតិ។ លោកជឿជាក់ថា ឧស្សាហកម្មភាពយន្តនៅកម្ពុជា កើតឡើងយ៉ាងឆាប់រហ័ស ដូច្នេះវា គឺជាឱកាសដ៏ល្អមួយ សម្រាប់ការផលិតភាពយន្ត និងជាផ្នែកមួយ នៃការផ្លាស់ប្ដូរ។

សូមបញ្ជាក់ថា កម្មវិធីបើកសម្ពោធនេះ ទទួលបានការសហការគាំទ្រ ពីរោងភាពយន្ត Major Cineplex By Cellcard , ក្រុមហ៊ុន Niron សេវាកម្មកាហ្វេចល័តគ្រប់កម្មវិធី, ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនថតរូប Akasa៕