(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ក បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំសម្លាប់មូស ដើម្បីទប់ស្កាត់ការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងទប់ស្កាត់ជំងឺហ្ស៊ីកា (Zika) ដែលជាជំងឺឆ្លងថ្មីមួយ ដែលកំពុងតែរាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីនេះ។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដោយមានការណែនាំពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយចែកប័ណ្ណព័ត៌មាន ពីជំងឺហ្ស៊ីកា (Zika) ដល់អ្នកដំណើរឆ្លងកាត់ តាមមាត់ច្រកអន្តរជាតិបាវិត ដល់ប្រជាពរដ្ឋទូទាំងខេត្ត ដល់គ្រូពេទ្យ បុគ្គលិកនៅតាមមន្ទីពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កន្លងមកនៅប្រទេសកម្ពុជាយើង មិនទាន់មានករណីឆ្លងជំងឺហ្ស៊ីកា (Zika) នេះនៅឡើយទេ។ ការរៀបចំធ្វើយុទ្ធនាការនាពេលនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ លោកបានយល់ជ្រួតជ្រាប កាន់តែច្បាស់បន្ថែមទៀតអំពីជំងឺឆ្លង ហ្ស៊ីកា (Zika) ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះ កុំឲ្យកើតមាននៅក្នុងប្រទេសរបស់យើង

លោកក៏បានបញ្ជាក់ផលប៉ះពាល់ របស់ជំងឺនេះ ដែលអាចបំផ្លាញ ប្រព័ន្ធប្រសាទទារកក្នុងផ្ទៃឱ្យខុសប្រក្រតី ឬកើតជំងឺនេះ (Zika) អាចបណ្តាលឲ្យទារកកើតមក មានក្បាលតូចខុសធម្មតា។
លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងថា មូសខ្លាជាប្រភពចម្លងជំងឺ (Zika) ដែលមូសខ្លានេះបានធ្វើ សកម្មភាពខ្លាំងបំផុតនៅពេលថ្ងៃ ហើយអាចចម្លងពីម្តាយទៅកូននៅក្នុងផ្ទៃទៀតផង។ ចំពោះរោគសញ្ញានៃជំងឺនេះគឺ ក្តៅខ្លួន រោគសញ្ញាលើស្បែក ដូចជាស្នាមក្រហមអុចនៅលើស្បែក ឈឺសាច់ដុំ សន្លាក់ដៃជើង និងភ្នែកឡើងក្រហម ។ រោគសញ្ញាបន្ទាប់បន្សំ អស់កម្លាំង ឈឺក្បាល និងវិបត្តិផ្លូវរំលាយអាហារ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ ហូបស្អាត រស់នៅស្អាត និងលុបកប់ជម្រកមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាបែតតាមពាងទឹក ចាក់បំពេញទីកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូ ឡានចាស់ៗ សំបកកំប៉ុង សំបកដូង និងសំភារៈផ្សេងៗ ដែលដក់ទឹកបង្កអោយមូសពង និងញាស់កូន យកទៅដុត ឬ កប់ចោល ។ ដើម្បីការពារមូសខ្លាខាំ គឺត្រូវដេកក្នុងមុងស្លៀកពាក់ខោអាវ ឲ្យបានជិតល្អ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងទៀតថា នេះជាលើកទី២ហើយ ក្នុងការរៀបចំធ្វើយុទ្ធនាការនេះ ដែលលើកទី១ធ្វើនៅស្រុករមាសហែក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ។ យុទ្ធនាការនេះ នឹងធ្វើបន្តនៅក្នុងក្រុងបាវិត និងស្រុកមួយចំនួនទៀត៕