(ភ្នំពេញ)៖ លោក ស៊ីម រិទ្ធី អគ្គនាយកក្រុមហ៊ុន Miracles of Cambodia ដែលជាក្រុមហ៊ុនបណ្តុះបណ្តាល សហគ្រិននានាឲ្យយល់ ដឹងពីរបៀបចូលរកស៊ី ក្នុងផ្សារមូលបត្រ (IPO) យល់ឃើញថា នៅរង្វង់១០ឆ្នាំខាងមុខទៀត ទីផ្សារមូលបត្រកម្ពុជា អាចនឹងមានភាពរីក ចម្រើន ដូចនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីដែរ ដែលប្រទេសទាំងពីរនេះ មានទីផ្សារមូលបត្ររីកចម្រើនយ៉ាងខ្លាំង នៅក្នុងតំបន់ អាស៊ាន។

លោក ស៊ីម រិទ្ធី បានឲ្យដឹងថា «ទីផ្សារមូលបត្រកម្ពុជាយើង គឺនៅក្មេងខ្ចី ដោយសារតែយើងទើបតែចាប់ផ្តើម៣ឆ្នាំ ប៉ុន្តែខ្ញុំជឿថា ទីផ្សារ នៅទីណា ក៏មានការចាប់ផ្តើមដែរ អញ្ចឹងខ្ញុំថាខ្មែរចាប់ផ្តើមបាន៣ឆ្នាំ មិនអាក្រក់ប៉ុន្មានទេ ខ្ញុំគិតថាល្អ ពីព្រោះអីបើអត់មាន៣ ក៏អត់មាន១០ អត់មាន២០ដែរ។ ដូច្នេះខ្ញុំគិតថា១០ឆ្នាំ ពីពេលហ្នឹងទៅ ទីផ្សារមូលបត្រខ្មែរនឹងធំ និងល្អ ដូចសិង្ហបុរី និងម៉ាឡេស៊ី»

លោកបានលើកឡើងដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីរបៀបនៃការចូលទៅកាន់ IPO ដល់សហគ្រិននៅក្នុងស្រុក និងក្រៅស្រុកចំនួន ៩០នាក់។

លោកបានឲ្យដឹងទៀតថា មិនថាតែកម្ពុជាទេ ពោលគឺប្រទេសជិតខាង ក៏មានការចាប់ផ្តើមជួបស្ថានភាពពិបាកដូចគ្នាដែរ ប៉ុន្តែគ្រាន់តែ ទីផ្សារមូលបត្រនៅថៃ និងវៀតណាមមានការរីកចម្រើនលឿនជាងកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ហើយ ដែលបានចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ទាំង៤នោះ រួមមាន ក្រុមហ៊ុនរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនកាត់ដេរ Grand Twin International ក្រុមហ៊ុនកំពង់ផៃស្វយ័ត ក្រុងភ្នំពេញ និង ក្រុមតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ៕