(វិទ្យាសាស្រ្ត)៖ ឧបករណ៍ថ្មី នឹងអាចជួយធ្វើឲ្យការព្យាករណ៍អាកាសធាតុ នៃលំហអាកាស មានភាពប្រសើរជាងមុន ដែលពេលខ្លះបាតុភូតអាកាស (ព្យុះព្រះអាទិត្យ) អាចបង្កឲ្យមានភាពអន្តរាយ នៅលើផ្កាយរណបនិងបណ្តាលឱ្យដាច់ប្រព័ន្ធអគ្គីសនីលើផែនដី។ នេះបើយោងតាមគេហទំព័រ ព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី ០៨ ខែតុលា ឆ្នាំ ២០១៦។ 

ខណៈពេលដែលព្រះអាទិត្យ ផ្តល់កម្តៅ និង ពន្លឺដល់ភពផែនដី វាក៏បានផ្លាតរូបធាតុក្តៅតូចៗ ទៅកាន់លំហអាកាសផងដែរ ដោយវាអាចធ្វើការបំផ្លាញទៅដល់ ផ្កាយរណបអាកាសធាតុ របស់ភពផែនដី ដែលស្ថិនៅក្នុងគន្លងគោចរ។

ដោយឡែក បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Michigan និង Rice បានបង្កើតឧបករណ៍ ថ្មីមួយ ដែលអាចមើលឃើញរូបធាតុល្អិតតូចរបស់ព្រះអាទិត្យ ខណៈពេលដែលវាផ្លាតមកកាន់ គោចររបស់ភពផែនដី ព្រមទាំងអាចធ្វើការព្យាករណ៍អាកាសធាតុ នៅក្នុងលំហអាកាស បានជាក់លាក់ជាងមុន។

គួរបញ្ជាក់ដែរថា ឧបករណ៍ព្យាករណ៍អាកាសធាតុថ្មីនេះ អាចធ្វើការប្រមូលទិន្នន័យ នៃលំហអាកាស ក្នុងផ្ទៃក្រឡា ៩០០គីឡូម៉ែត្រការេ ពីផ្ទៃរបស់ភពផែនដី។ ហើយវាក៏អាចធ្វើការព្យាករណ៍អំពី អាកាសបាតុភូតនៃព្យុះព្រះអាទិត្យបានមុន៤៥ នាទី ដោយនេះគឺជាភាពដ៏ល្អប្រសើរមួយ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីទប់ស្កាត់ការខូចខាត និងផលប៉ះពាល់មកលើភពផែនដី ដែលបណ្តាលមកពីបាតុភូទអវកាស ដូចជាព្យុះព្រះអាទិត្យនោះ៕