(ព្រៃវែង)៖ ប្រធានក្រុមការងារចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក អ៊ី សុខឃី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកមូលនិធិសម្ដេចក្រឡាហោម ស ខេង ជូនគ្រួសារសម្រាលកូន១៩គ្រួសារ និងគ្រួសារទទួលមរណភាព៩គ្រួសារ ព្រមទាំងបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារបក្ស មួយចំនួនទៀតផងដែរ។

ការបើកកិច្ចប្រជុំខាងលើនេះ លោក អ៊ី សុខឃី បានត្រួតពិនិត្យ សកម្មភាពការងារតាមភូមិ និងជំរុញការលើកស្លាកគណបក្ស ការងារចុះឈ្មោះបោះឆ្នោត ការខិតខំការងារពង្រឹង កសាង និងពង្រីកសមាជិកគណបក្ស ដែលមានសមាសភាពចូលរួម ក្រុមការងារចុះជួយឃុំពានរោង ក្រុមប្រឹក្សាឃុំ បក្សឃុំ ប្រធានភូមិទាំង២១ យុវជនឃុំ នគរបាលឃុំ សរុប៤៨នាក់។

ក្នុងឱកាសនោះដែរ លោកក៏បានចែកអំណោយ ដល់ប្រធានភូមិចំនួន ២១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០រៀល ក្រុមប្រឹក្សា បក្សឃុំ នគរបាលឃុំ យុវជនឃុំ ចំនួន១៥នាក់ ក្នុងម្នាក់ ទទួលបានថវិកា៥០,០០០រៀល អ្នកជំងឺ ព្រមទាំងសមាជិកទីទ័លក្រ ៣គ្រួសារ អស់ថវិកា១៩០,០០០រៀល។

ក្រោយមក លោក អ៊ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំពានរោង បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួន៥លាន៦០ម៉ឺនរៀល ស្រ្តីសម្រាលកូន១៩គ្រួសារ និងទទួលមរណភាព ៩គ្រួសារ ដោយផ្ទាល់ដៃតាមខ្នងផ្ទះ៕