(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ បានចាត់ទុកថា បាតុកម្មរបស់ លោក ហុង លីម នៅទីក្រុមមែលប៊ន ប្រទេសអូស្រ្តាលី ប្រឆាំងនឹងទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅរដ្ឋវិកតូរៀ គឺជាបាតុកម្មនយោបាយ ហើយថា លោក ហុង លីម ដែលបានបោះបង់ចោលសញ្ជាតិខ្មែរហើយនោះ ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជានោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក ហុង លីម តំណាងរាស្រ្តប្រចាំរដ្ឋវិកតូរៀរបស់អូស្រ្តាលី ដែលមានដើមកំណើតខ្មែរ បានដឹកនាំមនុស្សមួយចំនួនធ្វើបាតុកម្មប្រឆាំងនឹង លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានទៅចូលរួមក្នុងពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ កាលពីម្សិលមិញ។

លិខិតគណបក្សប្រជាជនកម្ពុជា បានសរសេរថា «បាតុកម្មនេះជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ ហុង លីម ដែលបោះបង់សញ្ជាតិខ្លួនឯង ហើយឈរជាតំណាងរាស្រ្តថ្នាក់រដ្ឋមួយរបស់ប្រទេសអូស្រ្តាលី។ ដូច្នេះបុគ្គល ហុង លីម ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា និងមិនតំណាងឱ្យសំឡេងខ្មែរពិតប្រាកដដូចដែលអ្នកចូលរួមបាតុកម្មចង់បាននោះទេ»

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការរៀបចំបាតុកម្មដែលដឹកនាំដោយ លោក ហុង លីម គឺច្បាស់ជាធ្វើឡើងក្រោមខ្សែញាក់របស់គណបក្សនយោបាយណាមួយ ដែលកំពុងជំរុញស្ថានភាពនយោបាយ នៅកម្ពុជាឱ្យឡើងកំដៅស្របនឹងគោលបំណងរបស់មេដឹកនាំនយោបាយទុចរិតដែលនៅពីក្រោយខ្នងសម្តៅបំភ័ន្តមតិជាតិ និងអន្តរជាតិថាកម្ពុជាកំពុងមានវិបត្តនយោបាយ។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ សមាជិកសភាប្រចាំរដ្ឋវិតូរៀ ប្រទេសអូស្រ្តាលី លោក ហុង លីម ក៏បានហៅរបបនៅក្នុងប្រទេសកម្ពុជាថាជារបបតិរច្ឆាន ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សមាគមន៍មួយចំនួន រួមទាំងប្រជាពលរដ្ឋ។ ពួកគេនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសម្តីប្រមាថដល់កម្ពុជាដែលធ្វើឡើងដោយ លោក ហុង លីម នាពេលនោះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៦ ក៏បានដាក់លោក ហុង លីម នៅក្នុងបញ្ជីខ្មៅ ហើយប្រកាសមិនស្វាគមន៍ចំពោះបុគ្គល ហុង លីម មកប្រទេសកម្ពុជាផងដែរ៕