(កំពត)៖ កម្លាំងរដ្ឋបាលជលផលខេត្តកំពត បានចាប់ទូកដឹកឈើ ០១គ្រឿងដែលផ្ទុកឈើផ្ចឹក និងឈើសុក្រម ខុសច្បាប់ចំនួន១៧ស្ទែ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើកំពត កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមាត់ច្រាំងសមុទ្រ ស្ថិតក្នុងភូមិអំពែង ឃុំមអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោកជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត ដែលបច្ចុប្បន្នស្ថិតក្នុងរង្វង់ក្របខ័ណ្ឌ នៃមន្ទីរកសិកម្មខេត្តកំពត បានប្រាប់ឲ្យដឹងថា ឈើខាងលើ ជាឈើដឹកជញ្ជូនខុសច្បាប់ មានប្រភេទផ្ចឹក និងសុក្រម កាត់ជាកង់ៗ ប្រមាណ១៧ស្ទែ ប្រហាក់ប្រហែល(១៧ម៉ែត្រគីប) ឈ្មួញដឹកចេញពីតំបន់កោះខ្យង ខេត្តព្រះសីហនុ នាំយកមកលក់នៅតំបន់ក្នុងភូមិសាស្ត្រ ដែលកម្លាំងជលផលចាប់ ឃាត់ខាងលើ។ ឈើទាំងអស់នេះ ត្រូវកម្លាំងជលផលខេត្តកំពតចាប់បានហើយ ក៏ប្រគល់មកឲ្យស្ថាប័នជំនាញមេព្រៃខេត្តកំពត កាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី៩ ខែតុលា ដើម្បីអនុវត្តតាមច្បាប់។

លោក ជួន សារ៉ា បន្តថា តាមច្បាប់រដ្ឋបាលព្រៃឈើ គឺឈើប្រភេទខាងលើ ជាលក្ខណ: ព្រមានផាកពិន័យ។ដូច្នេះ បច្ចុប្បន្ននេះ ម្ចាស់ឈើ បានចេញមុខមកអនុវត្តទទួល
យល់ព្រមការផាកពិន័យទៅតាមផ្លូវច្បាប់ហើយ។ម្ចាស់ឈើ ឈ្មោះ កង ថន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕