(កណ្ដាល)៖ លោកស្រី ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បានចុះជួបសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយជូន ស្ត្រីទើបសម្រាលកូន លោកយាយ លោកតាចាស់ជរា និងសកម្មជន កំពុងមានជម្ងឺ នៅតាមឃុំចំនួន៣ ក្នុងស្រុកលើកដែក។

ក្នុងនោះដែរ ក៏មានការអមដំណើរដោយ លោកស្រី ទិត្យ ខាំដារ៉ា លោកស្រី ដូ ញូ អនុប្រធានគណៈពង្រឹងស្រុក និងលោក អ៊ុយ សំអាត ប្រធានគណៈពង្រឹងឃុំខ្ពបអាទាវ ព្រមទាំងក្រុមការងារស្រុក ឃុំ ភូមិ ជាច្រើនទៀតផងដែរ។

ឃុំចំនួន៣ ដែលលោកស្រី តំណាងរាស្ដ្រ បានចុះទៅនោះមាន ឃុំក្អមសំណ ឃុំសណ្តារ និងឃុំខ្ពបអាទាវ ព្រមទាំងបន្តដំណើរចុះតាមខ្នងផ្ទះមួយចំនួន ដើម្បីជួបបងប្អូនផ្ទាល់ រួមមាន ទី១-សកម្មជនជាស្ត្រី មានជំងឺ នៅភូមិបឹងកណ្តាល ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១កេស ថវិកា២៥០,០០០រៀល ទី២-ស្ត្រីទើបសម្រាលកូន នៅភូមិបឹងកណ្តាល ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១កេស ថវិកា២៥០០,០០០រៀល និងទី៣-ឧបត្ថម្ភថវិកាដល់ សកម្មជនបក្ស នៅតាមបណ្តាភូមិមួយចំនួន ដែលមានជំងឺ ព្រមទាំងលោកយាយ លោកតាចាស់ជរា និងកុមារតូចៗ មួយចំនួនផងដែរ។                                                        

បន្ថែមពីនេះ លោកស្រី បានឧបត្ថម្ភដល់ គណៈពង្រឹងឃុំ និងមន្ត្រីបក្សដែលបានចូលរួមក្នុងពេលនោះ នូវថវិកា១,៥០០,០០០រៀល ក្រម៉ាពោះគោ២០ អង្ករមួយចំនួន និងឧបត្ថម្ភដល់ គណ:កម្មការទូកង វត្តកំពង់ភ្នំក្នុង ចំនួន៧០០ដុល្លារ ក្នុងនោះលោកស្រី ទិត្យ ខាំដារ៉ា ១០០ដុល្លារ ព្រមទាំងលោកស្រី ដូ ញូ ១០០ដុល្លារ ផងដែរ។

ជាមួយនោះដែរ លោកស្រី ឃួន សុដារី ក៏បានផ្ដាំផ្ញើឲ្យពលរដ្ឋដែល គ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យគ្រប់ៗគ្នា៕