(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចកម្មសិក្សា នៅប្រទេសជប៉ុន រយៈប្រមាណ១០ថ្ងៃ, នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) បានរៀបចំកម្មវិធីតម្រង់ទិស និងបង្ហាញគន្លឹះជោគជ័យលើការសិក្សា ថ្នាក់ឧត្តមជូននិស្សិត និងសិស្សទើបប្រឡងជាប់បាក់ឌុប សរុបប្រមាណជា ២០០នាក់។

ក្នុងកម្មវិធីតម្រង់ទិសនេះ លោក វ៉ាន់ សារាយ និពន្ធនាយករង អង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានលោក ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យ CUS អញ្ជើញឲ្យចូលរួមធ្វើបទបង្ហាញមួយ ស្តីពីទម្លាប់ដែលជាគំរូល្អៗក្នុងការរស់នៅ របស់ប្រជាពលរដ្ឋជប៉ុន ផងដែរ។

ការអញ្ជើញរបស់លោក ស្តើង សុខុម ធ្វើឡើងបន្ទាប់ពីរូបលោក បានមើលឃើញអត្ថបទមួយចំនួន លើទំព័រព័ត៌មាន Fresh News និយាយរៀបរាប់ពីគំរូល្អៗ របស់ប្រជាពលរដ្ឋជប៉ុនក្នុងការចូលរួម ថែររក្សាបរិស្ថាន និងអនាម័យ ក៏ដូចជាការសន្សំសំចៃក្នុងជីវិត ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជប៉ុន។ អត្ថបទគំរូល្អៗក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋជប៉ុន ត្រូវបានសរសេរឡើង បន្ទាប់ពីលោក វ៉ាន់ សារាយ បានអញ្ជើញទស្សនកិច្ចសិក្សារយៈពេលប្រមាណ ១០ថ្ងៃក្នុងប្រទេសជប៉ុន ក្រុមកម្មវិធី JENESYS ដែលរៀបចំឡើងដោយ ក្រសួងការ បរទេសជប៉ុន។

ក្នុងបទបង្ហាញរយៈពេលប្រមាណ ២០នាទីនោះ លោក វ៉ាន់ សារាយ បានលើកបង្ហាញពីការអភិវឌ្ឍ និងភាពជឿនលឿនរបស់ ប្រទេសជប៉ុន ព្រមទាំងទម្លាប់ល្អរបស់ប្រជាពលរដ្ឋជប៉ុន ក្នុងការចូលរួមថែររក្សាបរិស្ថាន ការសន្សំសំចៃ និងការប្រឹងប្រែងធ្វើការងារដោយ មិនខ្លាចនឿយហត់របស់ប្រជាពលរដ្ឋជប៉ុន។

ក្រៅពីការលើកបង្ហាញគំរូរបស់ប្រជាពលរដ្ឋជប៉ុនហើយហើយនោះ លោក វ៉ាន់ សារាយ ក៏បានស្នើសុំឲ្យយុវជនកម្ពុជា ដែលសិស្ស និស្សិតនោះ រួមគ្នាធ្វើនូវគំរូល្អដូចជាប្រជាពលរដ្ឋជប៉ុន ដើម្បីចូលរួមថែរក្សាបរិស្ថានល្អក្នុងសង្គមកម្ពុជា។ ជាពិសេសការចេះសន្សំសំចៃ ក្នុងការរស់នៅប្រចាំថ្ងៃ ក៏នឹងចូលរួមលើកកម្ពស់ជីវភាពបានមួយកម្រិតផងដែរ៕