(ភ្នំពេញ)៖ កំពូលតារាសម្តែង និងចម្រៀង ប្រចាំព្រះរាជាណាចក្រថៃ គឺអ្នកនាង ខេតទ្រីយ៉ាង អ៉ីងលីស (Katreeya English) បានបង្ហាញ វត្តមានគួរឲ្យភ្ញាក់ផ្អើល នារាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ​ក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី «ខ្មែរញញឹម» ដែលរៀបចំដោយស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណៈវត្តមានតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា អ្នកនាង ពេជ្រ សោភា លោក ខាន់ ជេមស៍ កញ្ញា អ៉ីវ៉ា លោក ងួន ចាន់ដេវីត​ ក៏បានមកប្រគំប៉ះគ្នា បង្កឲ្យបរិយាកាសនៃកម្មវិធីនេះ កាន់តែសប្បាយទ្វេដង។

កំពូលតារាចម្រៀងខ្មែរថៃ បានធ្វើឲ្យកក្រើកជាមួយនឹងសំឡេង ហ៊ោកញ្ញ្ជៀវពេញទីតាំងប្រគំតន្រ្តី នៅតំបន់ជ្រោយ​ចង្វា។ កម្មវិធីប្រគំ តន្ត្រីមាន​ឈ្មោះ«ខ្មែរញញឹម» គឺជាកម្មវិធីដែលរៀបចំ​ដោយស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ដែលរៀបចំធ្វើឡើងរៀងរាល់មួយខែម្តង ជាមួយនឹងព្រឹត្តិការតាំងពិព័រណ៍ ផលិតផលជាច្រើន​ប្រភេទផងដែរ។ អ្វីដែលពិសេសកម្មវិធីនេះ បានប្រមូលផ្តុំរួមគ្នា នូវវត្តមានតារាចម្រៀង ខ្មែរ ថៃជាច្រើនរូប ដើម្បីបង្កើតព្រឹត្តិការណ៍នេះ ឲ្យកាន់តែចាប់អារម្មណ៍។

តារាច​ម្រៀង និងសម្តែងស្រីប្រចាំព្រះរាជាណាចក្រថៃ ដែលមហាជនទទួលស្គាល់យ៉ាងគគ្រឹកគ្រេង តាំងពីជាង១០ឆ្នាំមុន នាងខេត ទ្រីយ៉ាអ៉ីងលីស (ហៅនាងកាត់) បានបង្ហាញក្បាច់រាំដ៏រស់រវើក ជាមួយនឹងបទចម្រៀង ដ៏ពេញនិយមរបស់នាង កាលពីពេលកន្លងមក បង្ហាញដល់អ្នកគាំទ្រនាងនៅកម្ពុជា។ តារាចម្រៀង និងសម្តែងស្រីរូបនេះ បានបញ្ជាក់ថា នាងពិតជារីករាយក្នុងការបង្ហាញវត្តមាន ជាថ្មីនៅកម្ពុជា ខណៈដែលកន្លងមកនាង តែងតែមកច្រៀងរាំនៅកម្ពុជាជាច្រើនលើកច្រើនសារ​មកហើយ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រជាជនខ្មែរ។

ជាថ្មីម្តងទៀតនាងនៅមានស្នាដៃសម្តែង ក្នុងភាពយន្តថៃថ្មីៗទៀត ដែលត្រៀមចែកចាយប្រជាជនកម្ពុជា យើងបានទស្សនានាឱកាស ខាងមុខនេះ។ នាងរំពឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ នឹងផ្តល់ស្នាមញញឹម ការសប្បាយរីករាយសម្រាប់​ប្រជាជនខ្មែរ ហើយនាងរំពឹងដែរថា នឹងទទួលបានឱកាសជាថ្មី​ នាពេលខាងមុខ។

សម្រាប់តារាចម្រៀង ពេជ្រ សោភាវិញ បានបញ្ចេញបទចម្រៀង៤បទជាប់គ្នា ដែលសុទ្ធតែជាបទពេញនិយម និងញាក់កន្ត្រាក់អារម្មណ៍ ជាមួយនឹងម្ចាស់បទចម្រៀង «រាំញីកែងជើង» លោក ជា ដេវីត ដែលបង្កើតឲ្យមានសំឡេង ទះដៃហ៊ោកញ្ជៀវពីអ្នកចូលរួមទស្សនា ដ៏ច្រើនកុះករ។ ពេជ្រ សោភាបញ្ជាក់​ថា នាងពិតជារីករាយ ដែលបានចូលរួមបង្កើត​បរិយាកាសរីករាយ សម្រាប់អ្នកទស្សនា​ដោយផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍។ អ្វីដែលពិសេសនាង បានបង្ហាញបទចម្រៀងនិពន្ធថ្មីទាំងអស់ និងបានជួបដោយផ្ទាល់ ជាមួយនឹងតារា សម្តែងជើងចាស់ របស់ព្រះរាជាណាចក្រថៃអ្នកនាង ខេតទ្រីយ៉ាង អ៉ីងលីស៕ ​