(ភ្នំពេញ​)៖ ​លោក​ ហេង​ សុខណា​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែ​តុលា​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥​ និង​៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

តុលាការ​រក​ឃើញ​ថា​ លោក​ អ៊ុំ សំអាន​ មាន​ចេតនា​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិសាសន៍​ តាម​រយៈ​ការ​សរសេរ​និង​អត្ថាធិប្បាយ​ ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។

ការ​ប្រកាស​សាលក្រម​នេះ​ ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​លោក​ អ៊ុំ​ សំអាន​ និង​ សហ​មេធាវី​ តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ ហើយ​បើក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​រយៈពេល​មួយ​ខែ។

លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក អ៊ុំ សំអាន ពុំមានប្រតិកម្មអ្វីទៅនឹងការប្រកាសសាលក្រមនេះទេ។ លោកថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក គឺ លោក អ៊ុំ សំអាន នៅពេលឆាប់ៗនេះ ដើម្បីសម្រេចថា តើត្រូវប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ឬយ៉ាងណា។