(ភ្នំពេញ)៖ លោកឧកញ៉ា ហុង ពីវ ដ៏មានប្រជាប្រិយភាព និងទឹកចិត្តសណ្ដោសប្រណី បានជួយសង្គ្រោះទារិកាម្នាក់ ដែលមានបញ្ហាប្រស្រីភ្នែកឡើងបាយពីកំណើត ដែលធ្វើឲ្យឪពុកម្តាយទារិកា មានក្តីរំភើបយ៉ាងខ្លាំង ចំពោះការកែប្រែឆាកជីវិតកូនរបស់គាត់ម្នាក់នេះ។ នេះបើតាមការបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់ លោកឧកញ៉ា ហុង ពីវ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។

លោកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បងៗឈប់បារម្ភទៀតទៅ ពេលនេះអូន ម៉ីម៉ី បានមកដល់ដៃប៉ាប៉ាអូនហើយ...»

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក សាវិន ហ្វីលីព ដែលជាស្ថាបនិកកុមារសាវិនកម្ពុជា បានស្នើរសុំឲ្យលោកឧកញ៉ា ហុង ពីវ ជួយសង្គ្រោះក្មេងស្រី ដែលមានបញ្ហាភ្នែកប្រស្រីឡើងបាយពីកំណើតមក ហើយមានការជួយ ចែកចាយតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ហើយក្រោយមកលោកឧកញ៉ា បានទទួលដំណឹងនេះ ទើបចាត់ចែងឲ្យក្រុមការងារ ទៅយកម្ដាយ និងទារិកា ដែលមានជំងឺ មកធ្វើការពិនិត្យព្យាបាល។

គួរបញ្ជាក់ដែរ គេសង្កេតឃើញថា លោកឧកញ៉ា ហុង ពីវ ត្រូវបានមហាជន ហៅថា ឧកញ៉ាដែលមានប្រជាប្រិយភាព និងមានទឹកចិត្តសណ្ដោសប្រណី ដែលបានជួយដល់កិច្ចការសង្គមយ៉ាងច្រើនដូចជា ការទិញអង្កររាប់តោន ដើម្បីចែកជូនពលរដ្ឋមានជីវភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា និងបានឧបត្ថម្ភ ថវិកាដល់ កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ពា យ៉ាងច្រើនផងដែរ ព្រមទាំងនៅប៉ុន្មានថ្ងៃមុននេះ ក្នុងពិធីខួបកំណើតរបស់កូនស្រី សំណប់ចិត្តរបស់ខ្លួន លោកឧកញ៉ា បានចំណាយលុយជាង២៥ម៉ឺនដុល្លារ ដើម្បីចែកដល់បុគ្គល និងក្រុមកម្មកររបស់លោក។

ជាងនេះទៅទៀត លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបានថ្វាយតង្វាយថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន (ជាង៣២ម៉ឺនដុល្លារ) នៅព្រះបរមរាជវាំងផងដែរ៕