(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុប៣២នាក់ មកពីខេត្តកំពង់ចាម ពោធិ៍សាត់ និងកណ្តាល បានចេញលិខិតថ្លែងអំណរគុណព្រមគ្នា ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់បញ្ចូលពួកគាត់ពីមន្រ្តីជាប់កិច្ចសន្យា ឲ្យក្លាយជាមន្រ្តីក្របខណ្ឌ នៅតាមមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់តាមផ្លូវច្បាប់។

លិខតថ្លែងអំណរគុណទាំង៣ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្តីរំភើបយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទាំងអស់។ យើងខ្ញុំទាំងអស់គ្នាសូមបេ្តជ្ញាចិត្តថា នឹងបំពេញការងារ និងបម្រើការងារជូនជាតិ និងប្រជាបលរដ្ឋ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព»

យោងតាមលិខិតដដែល បានបញ្ជាក់ទៀតថា មានមន្រ្តីចំនួន៨នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។ ចំណែក មន្រ្តីចំនួន៨នាក់ទៀត ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ និងចុងក្រោយនៅមានចំនួន៦នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល៕