(ហ្សកហ្ស៊ី)៖ បន្ទាប់ពីលទ្ធផលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ គណបក្ស GDDG ដែលជា គណបក្សកាន់អំណាច បានប្រកាសពីជ័យជម្នះរបស់ខ្លួន បន្ទាប់ពីបានឈ្នះនៅក្នុងការបោះឆ្នោត សភាជាតិហ្សកហ្ស៊ី ដោយទទួលបានអសនៈចំនួន ៧៧ នៅក្នុងចំណោម ១៥០អសនៈដែលមាននៅក្នុង សភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ការប្រកាសពីជ័យជម្នះនេះ ត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្រ្តីប្រទេស ហ្សកហ្ស៊ី លោក Giorgi Kvirikashvili នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលប្រព្រឹតិ្តទៅនៅឯទីស្នាក់ការកណ្តាលរបស់ គណបក្ស GDDG ដោយលោកបានលើកឡើងថា «ភាពជោគជ័យនេះបានបង្ហាញថា ប្រជាជនហ្សកហ្ស៊ី មានការគាំទ្រដ៏ធំធេងចំពោះគណបក្សរបស់យើង ហើយអ្នកបោះឆ្នោតភាគច្រើនចង់​ឲ្យយើងបន្ត​ដឹកនាំ ប្រទេសនេះ នៅក្នុងរយៈពេល០៤ឆ្នាំទៀត»។

គួរបញ្ជាក់ថា គណបក្ស GDDG ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ដោយលោក Bidzena Ivanishvili ហើយប្រទេស ហ្សកហ្ស៊ី ដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងមានព្រំប្រទល់ជាប់តួកគី និងរុស្ស៊ីនោះ ត្រូវបានដឹកនាំដោយគណបក្សមួយនេះ អស់រយៈពេលបួនឆ្នាំមកហើយ បន្ទាប់ពីគណបក្ស GDDG បានឈ្នះការបោះឆ្នោតសភាជាតិកាលពីឆ្នាំ ២០១២ ដោយកាលនោះ GDDG ទទួលបានអសនៈចំនួន ៨៨ ក្នុងចំណោមអសនៈចំនួន១៥០នៅក្នុងសភា៕