(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការច្របាច់បញ្ចូលគ្នា នូវកិច្ចសហប្រតិបត្តិការលើវិស័យចំនួន២ ឲ្យទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ និងការអនុម័ត នូវចក្ខុវិស័យនៃកិច្ចសន្ទនា នៃ កិច្ចសហប្រតិបត្តិការអាស៊ី សម្រាប់កិច្ចសហប្រតិបត្តិការក្នុង តំបន់អាស៊ីឆ្នាំ២០៣០។

សម្តេចថា  សសរស្តម្ភអាទិភាពទាំង៦ សម្តេចសូមរំលេចចេញនូវសសរស្តម្ភអាទិភាព ចំនួន២ រួមមាន៖ទី១ ពាក់ព័ន្ធទៅនឹងការតភ្ជាប់ក្នុងតំបន់ពិសេសគឺការតភ្ជាប់ រចនាសម្ព័ន្ធរូបវ័ន្ត និងសសរស្តម្ភទី២ គឺវប្បធម៌ និងទេសចរណ៍ ដែលកម្ពុជាយល់ឃើញថា ជាវិស័យដែលរួមចំណេកយ៉ាងសំខាន់ នៃការតភ្ជាប់គ្នារវាងប្រជាជន និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ ខណៈសម្តេចបានចូលរួមនៅក្នុង កិច្ចប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី២ «អាស៊ីតែមួយ ថាមពលចម្រុះ» ដែលរៀបចំធ្វើនៅ ប្រទេសថៃ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានបន្ថែមឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូរយោបល់ ទស្សនៈ បទពិសោធន៍នានា ស្តីពីគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការ ទាំងតំបន់អាស៊ី។ សម្តេចបានបន្តថា ការពង្រីកសមាជិកភាពរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី១៨ ប្រទេស ក្នុងឆ្នាំ២០០២ ដល់៣៤ប្រទេសក្នុងឆ្នាំនេះ សរបញ្ជាក់ឲ្យឃើញនូវ ភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោក ទៅលើកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមានជំនឿថា យន្តការកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី នឹងអាចជួយបំពេញបន្ថែម យ៉ាងល្អប្រសើរដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ផ្សេងៗគ្នា ដែលដឹកនាំ ដោយអាស៊ាន និងអាស៊ានជាស្នូល»