(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ​ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ នៅក្នុងអង្គប្រជុំ បានពិនិត្យ និងឯកភាពលើសេចក្ដីព្រាងអនុក្រឹត្យនេះជារួម ដោយសម្រេចរៀបចំដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត ក្នុងពេលឆាប់ៗខាងមុខនេះ។​

គោលបំណងបង្កើត នៃអនុក្រឹត្យនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ តាមរយៈ ទី១, ការពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ,ទី២ ការប្រគល់មុខងារប្រតិបត្តិ និងថែទាំទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ,ទី៣ ជំរុញការចូលរួម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់សេវាគ្រប់គ្រងទឹកកខ្វក់និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ទី៤ ការជំរុញឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ក្នុងការអភិវឌ្ឍ ឬវិនិយោគសាងសង់ប្រតិបត្តិការ និងថែទាំប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាការកត់សំគាល់ ការប្រជុំពិភាក្សាលើអនុក្រឹត្យនេះ ធ្វើឡើងដោយសំលឹងឃើញថា ការពង្រឹងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ជាកិច្ចការដ៏សំខាន់ ខណៈដែលចំនួនប្រជាជន និងសកម្មភាពអភិវឌ្ឍន៍ នៅតាមទីប្រជុំជនក្រុងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់៕