(ភ្នំពេញ)៖ ដីកាកោះហៅលោក សម រង្ស៊ី មកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម ពីសំណាក់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ត្រូវបានលោក ហុក សំអាង ជាបុគ្គលិករដ្ឋបាល គណបក្សសង្គ្រោះជាតិ ទទួលយកតាមបញ្ជារបស់លោក ឡុង រី តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងមេបញ្ជាការអង្គរក្សលោក សម រង្ស៊ី។

មន្រ្តីនគរបាលបានបញ្ជាក់ថា ដីកាកោះហៅលោក សម រង្ស៊ី ខាងលើនេះត្រូវបានមន្រ្តីគណបក្សសង្គ្រោះជាតិ ទទួលយកនៅម៉ោង ១២៖៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដោយធ្វើការកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ, ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននាវេលាថ្ងៃត្រង់ទី១១ ខែតុលានេះ។

នៅក្នុងដីការបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា សូមអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរ។

មន្រ្តីតុលាការបានបញ្ជាក់ថា ការចេញដីកាកោះហៅ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងតាមរបាយការណ៍របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ៕