(រតនគីរី)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រោយជជែក ជាមួយកងកម្លាំង ការពារព្រំដែនកម្ពុជា-វៀតណាម អស់រយៈពេល ជាង២ម៉ោងរួចមក ថ្នាក់លើកងកម្លាំង មិនអនុញ្ញាតឲ្យរូបលោក និងក្រុមការងារ ចូលមើលនៅតំបន់ដែលវៀតណាមបានសាងសង់បុស្តិ៍យាម និងជីកស្រះក្នុងដីខ្មែរនោះទេ ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់ លោក ពេជ្រ ស្រស់ នៅមុននេះបន្តិច។

Facebook Page ផ្លូវការរបស់ លោក ពេជ្រ ស្រស់ បានបញ្ជាក់ឲ្យដឹងថា «ក្រោយជជែកជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម អស់រយៈពេលជាង២ម៉ោង ប៉ុន្តែថ្នាក់លើកងកម្លាំងមិនអនុញ្ញាតឲ្យ យើងខ្ញុំចូលមើលនៅតំបន់ដែលវៀតណាមបានសាងសង់បុស្តិ៍យាម និងជីកស្រះក្នុងដីខ្មែរនោះទេ»

គួរបញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំសកម្មជនរបស់ខ្លួន ចុះត្រួតពិនិត្យមើលករណីយោធាវៀតណាម សង់ប៉ុស្តិ៍យាម នៅព្រំដែនខេត្តរតនគិរី។ លោក ពេជ្រ ស្រស់ នាថ្មីៗនេះ បានចេញមុខប្រឆាំងចំពោះសកម្មភាពរបស់វៀតណាម ដែលបានរំលោភលើព្រំដែនកម្ពុជា។

គណបក្សយុវជន ក៏ព្រមានធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលវៀតណាមប្រកាសជំហរបញ្ឈប់សកម្មភាពរំលោភ លើព្រំដែនកម្ពុជាផងដែរ ប៉ុន្តែទោះជាយ៉ាងណាបាតុកម្មមិនទាន់កំណត់ពេល ច្បាស់លាស់ នៅឡើយទេ បន្ទាប់ពីបានប្រកាសពន្យារពេល គ្មានកាលកំណត់៕