(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តចុះពិនិត្យភូមិសាស្ត្រទំនប់បង្ហៀរទឹក និងទីតាំងកំពុងយាយីដោយជំនន់ទឹកភ្លៀង ព្រមទាំងប្រើយុទ្ធសាស្រ្តដើម្បីជួយអន្តរាគមន៍ចំពោះការខូចខាតទាំងឡាយ និងឲ្យមន្ទីរសាធារណការខេត្ត ត្រៀមគ្រឿងចក្រដើម្បីជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់។

លោក វ៉ី សំណាង បានថ្លែងថា «បងប្អូនជាពលរដ្ឋត្រូវយល់ដឹងអំពីការដាក់លូជាយុទ្ធសាស្រ្តរំលោះទឹកភ្លៀង ឬត្រូវប្រើប្រពន្ធ័ប្រឡាយមេឲ្យសមស្របកុំរំលោភយក ដែលជាហេតុធ្វើឲ្យទឹកមិនអាចហូរទាន់»

លោកអភិបាលបានលើកឡើងទៀតថា ចំពោះវិធានការបង្ការ ក្នុងនាមលោកជាអាជ្ញាធរបានចាត់វិធានការចំពោះមន្ទីរពាក់ពន្ធ័ ក្នុងនោះមន្ទីរកសិកម្មត្រូវត្រៀមស្រូវពូជ ប្រភេទមិនប្រកាន់រដូវទុកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ខូចខាតស្រូវដោយទឹកលិចមន្ទីរសុខាភិបាលត្រូវត្រៀមថ្នាំពេទ្យ ជាប្រភេទការពារជំងឺឆ្លងគ្រប់ប្រភេទដែលយើងមាន (ជាពិសេសជំងឺរាគរូស) ក្នុងនោះ ត្រូវត្រួតពិនិត្យសុខភាពជូនគាត់នៅតំបន់ដែលទទួលរងលិចលង់ ដោយឡែកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមគ្រឿងចក្រគ្រប់ប្រភេទ ក្នុងការជួសជុលជាបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត​ ដោយសារតែជំនន់ទឹកភ្លៀងហើយផ្លូវដែលរងការខូចខាតខ្លាំង ត្រូវដោះស្រាយជូនពលរដ្ឋមុនគេ។

លោកបានបន្ថែមទៀតថា វិធានថែមទៀតរបស់មន្ទីរសាធារណការ ត្រូវចាត់ចែងអប់រំផ្សព្វផ្សាយ កុំប្រជាពលរដ្ឋរំលោភយកដីចំណីផ្លូវដែលធ្វើផ្លូវទឹកបាត់បង់ បង្កឲ្យមានជំនន់ទឹកភ្លៀងរាល់ឆ្នាំបែបនេះ តទៅទៀត៕