(ប៉ៃលិន)៖ ក្រុមការងារសាខាកាកបាទក្រហមកកម្ពុជា ខេត្តប៉ៃលិន បានផ្តល់អំណោយ នុស្សធម៌បន្ទាន់ ជូនប្រជាពលរដ្ឋរងគ្រោះថ្នាក់ ជាន់មីនស្មាច់ សល់ពីសង្រ្គាម ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នៅវេលា ម៉ោង ០៦៖៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។ អំណោយផ្តល់ជូនគ្រួសារជនរងគ្រោះនាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ និងថវិកា ១លានរៀលសម្រាប់ចូលរួមរំលែកការលំបាក ជាមួយ គ្រួសារជនរងគ្រោះនាពេលនេះ ។

ក្រៅពីការចែកអំណោយនេះ ក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាឲ្យដឹងថា សម្តេច មានការតក់ស្លត់បំផុតដែលបានលឺសូរ ដំណឹងគ្រោះថ្នាក់នេះ។ សម្តេចសូមចូលរួមសោកស្តាយ ដោយក្តីអាណិតអាសូរបំផុតចំពោះគ្រួសារជនរងគ្រោះ និងសម្តេច សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីកាកសំណល់ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងគ្រាប់មីនផ្សេងៗ បន្សល់តាំងពីសម័យសង្រ្គាម ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋយើង គ្រប់ពេលវេលា ផងដែរ ។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ គឹម ភឿន អាយុ៤៦ឆ្នាំ រស់នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដើរជាន់មីនស្មាច់បន្សល់ពីសម័យសង្រ្គាម បណ្តាល​ឲ្យ​ផ្ទុះដាច់ជើងស្តាំត្រឹមស្មងជើង និងរង​របួសប្រអប់​ជើងឆ្វេង ពេល​កំពុងធ្វើដំណើរទៅចំការ របស់គាត់នៅក្នុងភូមិ៕