(ញូយ៉ក)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន បានអំពាវនាវឱ្យមានការ បង្កើតក្រុមការងារឯករាជ្យមួយ ដើម្បីស៊ើបអង្កេតជុំវិញការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសយ៉េមែន នៅបន្ទាប់ ពីមនុស្សយ៉ាងហោចណាស់ ១៦០ នាក់បានស្លាប់ និង ជាង៥០០នាក់ រងរបួសនៅក្នុងការ វាយប្រហារតាមផ្លូវ អាកាសទៅលើពិធីបុណ្យសពមួយកន្លែង ក្នុងរដ្ឋធានីសាណាអា កាលពីថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក បាន គីមូន បានលើកឡើងថា «ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ មានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ត្រូវតែដឹកនំាការស៊ើបអង្កេត យ៉ាងពេញលេញនៅ យ៉េមែន ត្បិតការវាយប្រហារទម្លាក់គ្រាប់បែកទៅហ្វូងមនុស្ស ដែលកំពុងកាន់ទុក្ខ ស្រាប់នោះ គឺជាទង្វើគួរឱ្យស្អប់ខ្ពើម ប្រឆំាងនឹងជនស៊ីវិល និង រំលោភទំាងស្រុងលើ សិទ្ធិមនុស្សអន្តរជាតិ»

ដោយឡែក ជុំវិញការវាយប្រហារតាម ផ្លូវអាកាសនេះដែរ ក្រុមឧទ្ទាមហ៊ូទី និងអង្គការការពារសិទ្ធិមនុស្ស នៅយ៉េមែន បានចោទប្រកាន់ថាក្រុមចំរុះ អារ៉ាប់ ដឹកនំាដោយ អារ៉ាប៊ី សាអ៊ូឌីត ជាអ្នកទទួលខុសត្រូវ ហើយសូម្បីតែសហរដ្ឋអាមេរិក ក៏បានសន្យាដែរថានឹង ពិនិត្យឡើងវិញចំពោះការគំាទ្ររបស់ខ្លួន លើក្រុមចំរុះ អារ៉ាប់  ដែលបានបដិសេធការចោទប្រកាន់នេះដែរ។

គួររំលឹកថា ក្រុមចំរុះអារ៉ាប់ដឹកនំាដោយ អារ៉ាប៊ី សាអ៊ូឌីត បានធ្វើអន្តរគមន៍យោធាដើម្បីគំាទ្រ រដ្ឋាភិបាលយ៉េមែន ក្នុងការប្រឆំាងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមាន អ៊ីរ៉ង់ ជាខ្នងបង្អែក នៅខែមីនា ឆ្នាំ២០១៥ ហើយចាប់ពេលនោះមកដែរ បើតាមអង្គការសហប្រជាជាតិ ការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់ក្រុមចំរុះ អារ៉ាប់ និងការវាយប្រយុទ្ធគ្នាជាច្រើន បានសម្លាប់ប្រជាជនយ៉េមែន ច្រើនជាង ១០,០០០នាក់ ក្នុងនោះភាគច្រើនជាកុមារនិងស្រ្តី រីឯមនុស្សជាង ៣៥,០០០ នាក់បានរងរបួស និង ៣លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ ឬក្លាយជាជន ភៀសខ្លួន៕