(កំពង់ស្ពឺ)៖ នៅពេលថ្មីៗនេះមន្រ្តីជំនាញ និងកម្លាំងចម្រុះជាង៥០នាក់ ចុះឆែករកឃើញឈើមូលចំនួន ១០៣៩ដុំ នៅក្នុង​ដី​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ចិន ​ដាំ​អំពៅ​មួយ​ឈ្មោះ ​ហ្គ្រេដហ្វ៊ាល ​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមិនទាន់អស់ទេ ដោយមុនពេល កម្លាំងសមត្ថកិច្ចចុះទៅ គឺក្រុមរកស៊ីដឹកបទល្មើសព្រៃឈើ បានលួចដឹកប្រភេទឈើប្រណិតចេញចំនួន៤ឡាន យីឌុបធំៗយកទៅលាក់ទុក និងទំលាក់ចូលស្រះទឹក នៅដីចំការលោកឧកញ៉ាម្នាក់ ដែលមានទីតាំង ស្ថិតនៅភូមិ ត្រពាំលៀប ឃុំផុង ស្រុកបរសេធ ខេត្តកំពង់ស្ពឺ, ដូច្នេះសូមជំនាញរដ្ឋបាលព្រៃឈើនិង អជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់ការផង។

សូមជំរាបថា នាពេលថ្មីៗនេះ កម្លាំង​ចម្រុះបាន​រឹបអូស​ឈើ​ខុស​ច្បាប់​ជាង១ពាន់​ដុំ ​ជា​របស់​ឧកញ៉ា​ម្នាក់​ក្នុង​ដី​ក្រុមហ៊ុន​ចិន​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ​ជា​ឈើ​ដែល​អង្គការ​សង្គម​ស៊ីវិល​ថា​ កាប់​មកពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ។

កម្លាំង​ចម្រុះ៥៣នាក់​បាន​ឆ្មក់​រកឃើញ​ឈើ​មូល១០៣៩ដុំ​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ចិន​ដាំ​អំពៅ​មួយ ​ឈ្មោះ ​ហ្គ្រេដហ្វ៊ាល ​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នេះ​បើ​តាម​លោក ប៊ុន វិចិត្រ អភិបាលរង ​ស្រុក​ឱរ៉ាល់ ​ដែល​បាន​ចុះ​បង្ក្រាប​ជាមួយ​ក្រុម​ចម្រុះ​នោះ។

លោក វិចិត្រ បញ្ជាក់​ថា៖ «ឈើ​ហ្នឹង​ជា​ប្រភេទ​ឈើ​ចម្រុះ​មូល​ចាស់​រាប់​ខែ​ និង​ឈើ​ឡាំង​ខ្លះ​ដូចជា សុក្រំ ផ្ចឹក និង​ព្រះព្នៅ។ វា​ជា​ឈើ​ខុសច្បាប់​អ៊ីចឹង​ហើយ​ទើប​បាន​យើង​ចុះ​បង្ក្រាប​ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ»។

ទោះ​យ៉ាង​ណា​គ្មាន​ម្ចាស់​ឈើ​ ឬ​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។ លោក​បន្ថែម​ថា ​កម្លាំង​ចម្រុះ​ឃើញ​តែ​ឈើ​ជា​វត្ថុតាង និង​កម្មករ ២ ទៅ ៣ នាក់​នៅ​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​នោះ ​ប៉ុន្តែ​ពួក​កម្មករ​ឆ្លើយ​ថា ​ពួកគេ​មិន​ដឹង​អី​ទេ។ លោក​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​​​ រក​អ្នក​ទទួល​ខុសត្រូវ​លើ​បទល្មើស​នេះ៕