(រតនគិរី)៖ រណ្តៅជាង១០០កន្លែង ស្ថិតភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានគេរាយការណ៍ថា ត្រូវបានគេទៅជីក ដើម្បីស្វែងរករ៉ែត្បូងមានតម្លៃ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរ និងមន្រ្តីជំនាញនោះឡើយ។

សម្រាប់សកម្មភាពមួយនេះ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលស្រុកលំផាត់ និងមន្រ្តីមន្ទីររ៉ែបានចុះទៅបង្ក្រាប ជាក់ស្តែងនៅទីតាំងខាងលើ បណ្តាលឲ្យកម្មករដែលកំពុងជីករណ្តៅទាំងនេះជាច្រើននាក់ បាននាំគ្នារត់គេចខ្លួនព្រោងព្រាត។

សូមបញ្ជាក់ថា សកម្មភាពល្មើសច្បាប់មួយនេះ ដែលបង្កឡើងដោយមនុស្សចំនួនជិត២០០នាក់ បានកើតឡើងតាំងពីថ្ងៃទី៨ រហូតមកដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។  ប្រជាពលរដ្ឋដែលបានចូលរួមទៅជីកស្វែងរករ៉ែត្បូងមានតម្លៃខាងលើនេះ បានប្រាប់ថា ពួកគេ បាន និងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូងដោយមានឈ្មោះ ច្រឹក ទូច និងឈ្មោះ ធួន ជាមេបទល្មើស និងជាជាថៅកែធំ។ យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានប្រាប់ថា ករណីនេះលោកមិនបានដឹង ហើយក៏មិនបានឃើញលិខិតស្នើសុំ ធ្វើអាជីវកម្មនោះដែរ បើធ្វើយ៉ាងនេះខុសច្បាប់ហើយ។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជាក់ថា មិនមានអាជ្ញាធរភូមិ-ឃុំណាម្នាក់ ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេចំពោះ សកម្មភាពជីករ៉ែត្បូងមួយនេះ។ ជាការឆ្លើយតប លោកអភិបាលស្រុករូបនេះ នឹងចាត់កម្លាំងអធិការដ្ឋាននគបាលស្រុកចុះទៅមើល។ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ទទួលបន្ទុកព័ត៌មានបទល្មើស និងសន្តិសុខ ក៏បានឆ្លើយតថា លោកមិនបានដឹងរឿងនេះ នៅឡើយ តែលោកថា ចាំសួរទៅមន្ទីរជំនាញសិន។

មន្រ្តីនគរបាលស្រុកលំផាត់ ដែលបានចូលរួមប្រតិបត្តិការបង្ក្រាបសកម្មភាពល្មើសច្បាប់មួយនេះ បានបញ្ជាក់ថា ក្រុមការងារបានហៅម្ចាស់ ចំការឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជីកត្បូងតទៅទៀតផងដែរ៕