(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការកាត់ទោស លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី នៅរសៀលថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

លោកស្រី ថាក់ ឡានី ត្រូវបាន លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ប្តឹងទាមទារសំណង១០០រៀល ពាក់ព័ន្ធនឹងការអត្ថាធិប្បាយចោទថាសម្តេចតេជោនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើ លោកបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។ មេធាវីសម្តេចតេជោ ចាត់ទុកថា ការចោទប្រកាន់នេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ព្រឹទ្ធសភាទាំងមូល បានសម្រេចបោះឆ្នោតឱ្យដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដើម្បីឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនដោយគ្មានការរាំងស្ទះ។ ការបោះឆ្នោតគាំទ្រឱ្យដកអភ័យឯកសិទ្ធិនេះ ធ្វើឡើងដោយមានសមាជិកព្រឹទ្ធសភា៤៦រូប។

ក្រោយមានការដកអភ័យឯកសិទ្ធិនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕