(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន នាំយកអំណោយមនុស្សធម៌ ទៅចែកជូនអតីយុទ្ធជនចំនួន១,០៩០នាក់ មកពីស្រុក-ក្រុងចំនួន៧ នៃខេត្តព្រៃវែង។
សកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងក្នុងសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនទាំងនោះ មានមកស្រុកស្វាយអន្ទរចំនួន១៨២នាក់, ស្រុកកញ្ជ្រៀចចំនួន ១,១៤នាក់, ស្រុកកំចាយមារចំនួន ២៥២នាក់, ក្រុងព្រៃវែងចំនួន ១៧០នាក់, ស្រុកពារាំងចំនួន ១២២នាក់,  ស្រុកពោធិ៍រៀងចំនួន ៧២នាក់ និងស្រុកស៊ីធរកណ្តាលចំនួន ១៧៨នាក់។
លោកឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាល សម្ដេចបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបានផ្តួចផ្តើមគំនិតបង្កើតសមាគមនេះ ឡើងក្នុងគោលបំណងលើកស្ទួយជីវភាពអតីតយុទ្ធជន យុទ្ធនារី ឱ្យមានជីវភាពល្អប្រសើឡើង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានណែនាំដល់អាជ្ញាធរឃុំ ស្រុក ខេត្ត និងកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនទាំងអស់អំពី ជីវភាពរស់នៅ «ព្រោះយុទ្ធជនទាំងអស់នេះ​ហើយ ដែលបានរំដោះទឹកដី និងប្រជាជនឱ្យរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ»

ក្រៅពីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បញ្ជាដល់ពាក់ព័ន្ធអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ថា នៅពេលអតីតយុទ្ធជនទាំងអស់មានជំងឺ ត្រូវមកទទួលគាត់ទៅព្យាបាល ឱ្យបានទាន់ពេលវេលា និងបានស្នើដល់កាកបាទក្រហមខេត្តព្រៃវែង ត្រូវបញ្ចូលអតីតយុទ្ធជនឱ្យបានទទួលអំណោយផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានចុះផ្តល់ជូនថវិកាផ្ទាល់ដៃ ដល់អតីតយុទ្ធជនចំនួន ១,០៩០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ក្នុងនោះក៏មានថវិការបស់​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ២១លានរៀល និងថវិការបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចំនួន ២០លានរៀល ផងដែរ៕