(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានរៀបចំពិធីបើកសម្ពោធ ខ្សែភាពយន្តថ្មីទៀត ដែលចំណាយទុនក្នុងការផលិត ប្រមាណជាង៦ម៉ឺនដុល្លារ ​មានចំណងជើងថា «ត្រកូល​អ្នកប្រដាល់» នៅផ្សារទំនើបអ៉ីអនម៉ល នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD, លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម Angkor Picture ​ព្រមទាំងវត្តមានតារាល្បីៗ​ ជាមួយអ្នកគាំទ្រ និងមានក្រុមកុមារកំព្រា ​​ចូលរួម​ផងដែរ។

​លោក លៀក លីដា ​​ចាងហ្វាងផលិតកម្ម LD ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងរឿង «​ត្រកូលអ្នកប្រដាល់» បានចំណាយពេល​ជាច្រើនខែ ក្នុងការថតសម្រិតសម្រាំង ឲ្យរឿងមានគុណភាពល្អ មានភាពកំប្លុកកំប្លែង ធ្វើឲ្យ​ទស្សនិកជន សើចសប្បាយ។ ដោយឡែក បើនិយាយពីទុនក្នុងការផលិត គឺចាយអស់ជាង៦ម៉ឺនដុល្លារ ដែលក្រោយពីបើកសម្ពោធ ខ្សែភាពយន្តនេះ ​នឹង​ធ្វើការចាក់បញ្ចាំង នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ នៅគ្រប់រោងភាពយន្ត​ទាំងអស់។

លោកបានបញ្ជាក់ថា អ្វីដែលជាចំណុចពិសេសក្នុងរឿង «ត្រកូលអ្នកប្រដាល់» គឺយើងបានកែប្រែចរឹតតួ​សម្ដែងទាំងអស់ ដើម្បីជាការឆ្លើយតប​​ជាមួយនឹង ទស្សនិកជន ដែលតែងតែលើកឡើងថា ផលិតកម្ម LD យកតួដដែលៗ​មកសម្ដែង។ ទោះបីជាក្នុងរឿងនេះ មានវត្តមានតារាសម្ដែង​ដដែលៗក្ដី ប៉ុន្តែយើង​បានឲ្យពួកគាត់ ប្ដូរចរឹតវិញ​ម្ដង តើនឹងទៅ​ជាយ៉ាងណា​?

យ៉ាងណាមិញលោក លៀក លីដា បានធ្វើការសន្និដ្ឋានថា រឿង «ត្រកូលអ្នកប្រដាល់» នៅក្រោយពេលដាក់បញ្ចាំងរួចរាល់ នឹងទទួលបានចំណូលប្រហាក់ប្រហែល នឹងរឿងមុនៗដែរ ព្រោះតាមរយៈទីផ្សារភាពយន្ត និងចរន្តនៃអ្នកទស្សនា គឺពុំមានអ្វីប្រែប្រួលខ្លាំងនោះឡើយ។ ប៉ុន្តែផលិតកម្ម LD ផលិតរឿងនីមួយៗ គឺតែងតែផ្ដោត សំខាន់លើគុណភាពជាចំបង ព្រោះជាបទពិសោធន៍មួយត្រូវតែវិវឌ្ឍទៅមុខជានិច្ច តម្រូវតាមទីផ្សារក្នុងស្រុក និងក្រៅស្រុក។

សូមបញ្ជាក់ថា រឿង «ត្រកូលអ្នកប្រដាល់» ​មានតួឯកស្រី​​ គឺអ្នកនាង សាត រស្មី និងតួឯកប្រុស គឺនាយគ្រឿន​ ព្រមទាំង​តារាល្បីជាច្រើនទៀត រួមមាន អ្នកនាងខ្ញុង, នាយក្រូច, លោក ងួន សុបិន្ត លោក BIG, លោក លឹម ជាឡាយ រួមជាមួយតារាល្បីៗមួយចំនួនទៀត។ ​

ដូច្នេះចង់ដឹងថា ខ្សែភាពយន្តស្នាដៃថ្មី របស់ផលិតកម្ម LD Picture រឿង «ត្រកូលអ្នកប្រដាល់» កំប្លែងធ្វើឲ្យទស្សនិកជន សើចសប្បាយកម្រិតណា ជាមួយសាច់រឿងនេះ កុំភ្លេចណា​ ! ចាប់ពីថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ទស្សនិកជន និងមិត្តយុវវ័យ អាចចូលទស្សនាបាន នៅគ្រប់រោងភាពយន្ត នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប៕