(ភ្នំពេញ)៖ លោក ស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ថា លោកស្រីគាំទ្រដល់ក្រសួងយុត្តិធម៌ឲ្យបង្កើតច្បាប់ «ទប់ស្កាត់អំពើជួញដូរ ការពពោះ» ដើម្បីជួយការពារស្រ្តី និងកុមារនៅកម្ពុជា។

លោកស្រីថា ក្រៅពីការគាំទ្រនេះ អង្គការសហប្រជាជាតិ នឹងជួយបន្ថែមលើផ្នែកបច្ចេកទេស និងជួយដល់ការសិក្សាស្រាវជ្រាវបន្ថែម លើឯកសារទាំងឡាយណា ដែលមានទាក់ទងនឹងច្បាប់មួយនេះ ពីប្រទេសដទៃទៀតយកមកឲ្យកម្ពុជាសិក្សាឲ្យបានស៊ីជំរៅ។ នេះបើតាមការឲ្យដឹងពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាង លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយ  លោក ស្រី Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ជិន ម៉ាលីន បានឲ្យដឹងថា ច្បាប់ «ទប់ស្កាត់អំពើជួញដូរ ការពពោះ» នេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ស្រ្តី និងកុមារ ជាពិសេសម្តាយ និងទារក។ បច្ចុប្បន្ននេះ កម្ពុជា កំពុងសហការជាមួយ ប្រទេសអូស្រ្តាលី ដើម្បីសិក្សាឲ្យបានស៊ីជំរៅ លើច្បាប់មួយនេះថា ត្រូវមានការចែងនិតីវិធីយ៉ាងណាខ្លះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ ស្រ្តី និង កុមារឲ្យបានច្រើនបំផុត។ ច្បាប់  «ទប់ស្កាត់អំពើជួញដូរ ការពពោះ»នេះអាចការពារ ដល់ស្រ្តីដែលត្រូវបានគេយកទៅពពោះហើយ យកកូនទៅឲ្យអ្នកដទៃចិញ្ចឹម ការធ្វើបែបនេះ ហាក់ដូចជា យក ស្រ្តី និងទារក ជាឧបករណ៍នៃការជួញដូរ។

លោក ស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានគាំទ្រយ៉ាងខ្លាំង លើច្បាប់មួយនេះ ហើយប្រកាសជួយពេញទំហឹង បើសិនជាកម្ពុជា មានបញ្ហាខណៈ ដែលតាក់តែងច្បាប់នេះឡើង។

ក្រៅពីការលើកឡើងខាងលើ លោក ស្រី Rhona Smith បានបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការវិវត្តន៍ ល្អប្រសើរជាងមុន តែយ៉ាងណា លោក ស្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ផងដែរ ដូចជា កង្វះពន្ធធានាគារនៅកម្ពុជា កំនើនអ្នកទោសច្រើន និងរបៀបនៃការអនុវត្តច្បាប់ជាដើម។

 ជាការឆ្លើយតប លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ជាការពិត បច្ចុប្បន្ននេះ បញ្ហាកង្វះពន្ធនាគារនៅកម្ពុជា គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តែឥលូវនេះ ក្រសួងមហាផ្ទៃកំពុងតែរៀបចំ និងគិតគូរយ៉ាងយកចិត្តទុកដាក់ពីបញ្ហានេះ រួមនឹងបញ្ហាប្រឈមមួយចំនួនទៀត។

សូមជំរាបថា លោកស្រី រ៉ូណា ស្មីត បានមកទស្សនកិច្ចនៅកម្ពុជា ជាលើកទី៣ រយៈពេល១០ថ្ងៃ។ អំឡុងពេលបំពេញបេសកកម្ម ១០ថ្ងៃនោះ លោកស្រី រ៉ូណា ស្មីត មានគម្រោងជួបភាគីពាក់ព័ន្ធនានា រួមមាន សមាជិករដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ការទូត និងសហគមន៍ពលរដ្ឋផង ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់៕